មហាវិទ្យាល័យអាមេរិក បង្ហាញចំណាប់អារម្មណ៍ក្នុងការសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ជាពិសេសនៅមហាវិទ្យាល័យ Long Beach City College (LBCC)


កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមហាវិទ្យាល័យ Long Beach City College (LBCC), California ETEC នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោក Mark Matsumoto, Director of California ETEC អមដំណើរដោយសភាពាណិជ្ជកម្ម នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។

ក្នុងឱកាសជំនួបនេះ ភាគីមហាវិទ្យាល័យ LBCC, Director of California ETEC បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈកម្មវិធីសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ជាពិសេសនៅមហាវិទ្យាល័យ Long Beach City College (LBCC) ក៏ដូចជាសិក្សាស្វែងយល់ពីឱកាសដើម្បីផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលសមស្របទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយនេះដែរ លោកនាយក California ETEC បានគូសបញ្ជាក់ថា ប្រព័ន្ធមហាវិទ្យាល័យសហគមន៍ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់និស្សិតអន្តរជាតិរៀបចំខ្លួនសម្រាប់ទីផ្សារការងារ និងដើម្បីផ្ទេរទៅសិក្សានៅសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកដែលគេប្រាថ្នាចង់រៀន ដូចជា UCLA ឬ Stanford ជាដើម។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់គណៈប្រតិភូ LBCC និងថ្លែងអំណរគុណចំពោះការបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលទាំងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននានានៅកម្ពុជា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សា (Exchange Program) សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការបន្តការសិក្សានៅសហរដ្ឋអាមេរិកជាដើម។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រដ្ឋលេខាធិការ បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕

ប្រភព៖ MoEYS