កម្ពុជា ថៃ ផ្តាស់ប្តូរបទពិសោធន៍ លើការផ្តល់សេវាសារធារណៈ កម្រិតមូលដ្ឋាន ក្នុងវិស័យអប់រំ
អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យអប់រំឆ្នាំ២០២៣ ចំនួន២០អង្គភាព ក្នុងនោះសាលាបឋមសិក្សាចំនួន១០អង្គភាព និងអនុវិទ្យាល័យចំនួន១០អង្គភាព ដែលទើបទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ រៀបចំដោយក្រសួងមុខងារសាធារណៈ។
មានប្រសាសន៍ក្នុងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រសួងសិក្សាធិការនៃប្រទេសថៃ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ ធ្វេីឡេីងដើម្បីផ្ដល់ឱកាសសាលាដែលជាម្ចាស់ជ័យលាភី បានទៅសិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍ ការផ្ដល់សេវារបស់សាលារៀនឆ្នើមរបស់ប្រទេសថៃ ដេីម្បីជាពុទ្ធិ ក្នុងការអភិវឌ្ឍបន្ថែមក្នុងអង្គភាពរបស់ខ្លួន។ លេីសពីនេះក៏ផ្ដល់ឱកាសដល់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. បានពិនិត្យនូវទិដ្ឋភាព និងភាពលេចធ្លោនានារបស់សាលារៀននៅតាមមូលដ្ឋាននៃប្រទេសថៃ ដើម្បីធ្វើជាមូលដ្ឋានបន្ថែមក្នុងការធ្វើបច្ចុប្បន្ន ឬកែលម្អបន្ថែមចំពោះតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ និងឯកសារណែនាំស្ដីពីវិធីសាស្រ្តវាយតម្លៃផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាផ្នែកមួយនៃដំណើរការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ខេត្តសមុទ្ទស៊ុងក្រាន និងខេត្តអាយុធ្យ៉ានៃប្រទេសថៃ។
ប្រភព៖ ក្រសួងមុខងារសាធារណៈ