|

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៤ ឆ្នាំ២០២៥


កាលពីថ្ងៃទី ១-៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានដឹកនាំគណៈប្រតិភូយុវជនកម្ពុជាចំនួន៥រូប ចូលរួមមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៣៣ ដែលហៅជាភាសាអង់គ្លេសថា 33rd SSEAYPInternational General Assembly (SIGA) 2024 ។ មហាសន្និបាតនេះ ជាព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នារវាងបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលជាសមាជិកនៃ     កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន(SSEAYP) ។

គោលបំណងរបស់កម្មវិធីនេះរួមមាន ទី១ បង្កើតឱកាសជួបជុំអតីតអ្នកចូលរួមកម្មវិធី SSEAYP ដើម្បីបន្តពង្រឹងទំនាក់ទំនង ការយោគយល់ និងកិច្ចសហប្រតិបត្តិការ និងទី២ ផ្លាស់ប្តូរបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពចូលរួមសង្គមផ្សេងៗ របស់បណ្តាប្រទេសជាសមាជិក (Alumni Associations) និងលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP International Secretariat)។  

នៅឯពិធីបិទមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ លោក ហោ សំណាង បានទទួលទង់ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ព្រឹតិ្តការណ៍ឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអញ្ជើញអ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន កាន់តែច្រើន និងផុសផុលជាងមុន។ លោក ហោ សំណាង បានថ្លែងក្នុងសុន្ទរកថានៃពិធីទទួលធ្វើជាម្ចាស់ផ្ទះនេះថា៖ «ខ្ញុំសូមអញ្ជើញអ្នកចូលរួមទាំងអស់មកព្រះរាជាណាចក្រកម្ពុជា ដើម្បីបានទស្សនារាជធានីបូរាណនិងមរតកវប្បធម៌ដ៏ស្តុកស្តម្ភរបស់កម្ពុជា បានស្គាល់ប្រជាជនកម្ពុជាដែលប្រកបដោយភាពរួសរាយរាក់ទាក់ និងបានយល់ពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខ     សន្តិភាព ស្ថិរភាព និងភាពរីកចម្រើនលើគ្រប់វិស័យ»។

ព្រឹតិ្តការណ៍នេះ នឹងចូលរួមបង្ហាញនិងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជាជូនដល់អ្នកទស្សនា ដែលមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន និងចូលរួមផ្តល់ផលវិជ្ជមានផែ្នកសេដ្ឋកិច្ចនិងទេសចរណ៍ សម្រាប់ខេត្តសៀមរាប ផងដែរ។

គួររំលឹកផងដែរថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹតិ្តការណ៍មហាសន្និបាតនេះ ចំនួន២ដង រួចមកហើយ ក្នុងឆ្នាំ២០០៧ និង២០១៦ ប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពីក្រសួង-ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា៕