|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ឱ្យបង្កើតយន្តការសិក្សា តាមដាន និងវាយតម្លៃឯករាជ្យចំពោះគរុនិស្សិតចេញបង្រៀន


អនុសាសន៍នេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិអប់រំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌកម្មវិធីកំណែទម្រង់វិទ្យាស្ថានជាតិអប់រំនៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សរុបចំនួន ១៧រូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ត្រូវបង្កើតយន្តការសិក្សា និងវាយតម្លៃឯករាជ្យចំពោះគរុនិស្សិតចេញបង្រៀន និង ត្រូវមានប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យមើលជាប្រចាំថា ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល គរុនិស្សិតមានសមត្ថភាពបំពេញភារកិច្ចការងារបានល្អកម្រិតណា វិធីសាស្ត្របង្រៀនត្រូវឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ និងកម្មវិធីក្រៅម៉ោងសិក្សា ហើយត្រូវបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនថ្មីៗតាមបែបសាលារៀនជំនាន់ថ្មី

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូគ្រប់កម្រិតភូមិសិក្សា រួមមាន មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងវិធានការគន្លឹះទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ។ ស្ដង់ដាសាលារៀនគំរូនេះ ត្រូវបានរៀបចំឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣ និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈការកសាងមូលធនមនុស្ស និងសង្គមពុទ្ធិ។

ក្នុងនោះផងដែរ វិទ្យាស្ថានជាតិអប់រំបានដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈការបន្ស៊ីទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង។ ក្នុងន័យនេះ គរុនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រូវបានតម្រូវឱ្យចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើស្តង់ដាទី២ (ការបង្រៀន និងរៀន) នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ការចុះគាំទ្រសាលារៀនមានគោលបំណង៖ (១). អនុវត្តវិធីសាស្ត្របង្រៀនតាមទ្រឹស្តីអប់រំបែបស្ថាបនានិយម ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ដល់សិស្សានុសិស្ស (២). អនុវត្តការធ្វើពិសោធន៍វិទ្យាសាស្ត្រ និងការអប់រំស្ទែមនៅកម្រិតវិទ្យាល័យ (៣). អនុវត្តក្លឹបសិក្សា កិច្ចការគម្រោង និងការតាំងពិព័រណ៍វិទ្យាសាស្ត្រនៅវិទ្យាល័យ។កិច្ចប្រជុំនាឱកាសនោះ បានផ្ដោតពិភាក្សាលើសមិទ្ធកម្មការងារនៃការអនុវត្ត ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលគរុនិស្សិតដើម្បីសម្រេច (១).ចំណេះដឹងវិជ្ជាជីវៈ (២).ការប្រតិបត្តិវិជ្ជាជីវៈ (៣). ការសិក្សាវិជ្ជាជីវៈ (៤). សីលធម៌វិជ្ជាជីវៈ (៥). ចិត្តគរុកោសល្យ។

គួរបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនោះបានផ្ដោតពិភាក្សាលើសមិទ្ធកម្មការងារនៃការអនុវត្ត ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលគរុនិស្សិតដើម្បីសម្រេច (១).ចំណេះដឹងវិជ្ជាជីវៈ (២).ការប្រតិបត្តិវិជ្ជាជីវៈ (៣). ការសិក្សាវិជ្ជាជីវៈ (៤). សីលធម៌វិជ្ជាជីវៈ (៥). ចិត្តគរុកោសល្យ។

ប្រភព៖ MoEYS