|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ណែនាំឱ្យគណៈកម្មការគាំពារ និងអភិវឌ្ឍកុមារ រៀបចំជាសៀវភៅសម្រាប់មាតាបិតាសិស្ស អំពីការអប់រំកូនៗ


មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី៩២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាធាតុចូលក្នុងការពង្រឹងលទ្ធផលសិក្សារបស់សិស្ស ដោយក្នុងនោះឯកឧត្តម បានលើកឡើងថា កិច្ចសហការជាមួយអាណាព្យាបាលសិស្សគឺជាកត្តាមួយដ៏សំខាន់មួយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យនាយកសាលានីមួយត្រូវបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតាសិស្សជាប្រចាំ ជាពិសេសនៅពេលសិស្សអវត្តមាន និងផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សជាប្រចាំ។ ជាក់ស្ដែង នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍមួយចំនួនដូចជា សិង្ហបុរី កូរ៉េខាងត្បូងជាដើម ឪពុកម្ដាយសិស្សបានវិនិយោគយ៉ាងច្រើនលើការសិក្សារបស់កូនៗដោយផ្ទាល់ ទាំងធនធាន និងពេលវេលា ដែលនេះជាការរួមចំណែកធ្វើឱ្យការអប់រំនៅប្រទេសទាំងនោះកាន់តែរីកចម្រើន។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការសិក្សាររបស់សិស្សទទួលបាននូវលទ្ធផលល្អ ទាមទារចំបាច់នូវការវិនិយោគ ក៏ដូចជាការលះបង់របស់ឪពុកម្ដាយ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់នាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានអប់រំបឋមសិក្សា ជាពិសេសគណៈកម្មការគាំពារ និងអភិវឌ្ឍកុមារ ត្រូវធ្វើការសិក្សាស្រាវជ្រាវលើតួនាទីរបស់មាតាបិតា និងរៀបចំជាសៀវភៅសម្រាប់មាតិបិតា ក្នុងការអប់រំ ចំណេះដឹង សីលធម៌ និងចរិយាធម៌ចំពោះកូនៗ ដើម្បីតបទៅនឹងការលូតលាស់របស់កុមារ និងធានាប្រសិទ្ធភាពពេញលេញនៃការអប់រំផងដែរ។

គួរបញ្ជាក់ថា សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ឧត្តមានុវត្តនៃកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។