| |

តស់! រួសរាន់ឡើង ធនាគារជាតិ ប្រកាសបើកឱ្យប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃ ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល


ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រលាញ់ប្រាក់រៀល (ប្រាក់រៀល. ស្ថិរភាព. អភិវឌ្ឍន៍) ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល។

ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។

យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សាធារណជនអាចអញ្ជើញទៅប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

ប្រភព៖ ធនាគារជាតិ