រដ្ឋបាលខេត្តសៀមរាប និងក្រុងTAKAMATSU ខេត្ត KAGAWA ប្រទេសជប៉ុន ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ
រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ក្រុងTAKAMATSU ខេត្ត KAGAWA ប្រទេសជប៉ុន ដឹកនាំដោយលោក អូនីស្ហ៊ិ ហ៊ីដេតុ(ONISHI Hideto) អភិបាលក្រុង TAKAMATSU បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធអនឡាញ នៅបន្ទប់ប្រជុំ Video Conference សាលាខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ៖ ខេត្តសៀមរាបត្រូវបានដាក់បញ្ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ហើយនៅឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប ក៏បានទទួលជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ទៅលើការសិក្សា និងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពី JICA ទៅលើការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៨ នៅក្នុងក្រុងសៀមរាប។
ឯកឧត្តមបន្តថា JICA ជាតួអង្គមួយដ៏សំខាន់ ដែលបានជួយជ្រោមជ្រែងលើការងារកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន រហូតដល់មានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាពេលនេះ ហើយឯកឧត្តម ជឿជាក់ថាកិច្ចសហការនេះនឹងនាំមកនូវលទ្ធផលជាទីមោទនៈបន្ថែមទៀតដើម្បីញ៉ាំងឱ្យការអនុវត្តទីក្រុងឆ្លាតវៃរវាងខេត្ត ក្រុងទាំងពីរកាន់តែមានភាពរីកចម្រើន ស្របតាមនិន្នាការសកលនៃបរិបទឧស្សាហកម្មជំនាន់ទី៤។
ក្នុងឱកាសនេះ លោក KAWAMURA Kenichi អនុប្រធានជាន់ខ្ពស់នៃ JICA មានប្រសាសន៍ថា ៖ការចុះអនុស្សារៈណៈនៃការយោគយល់នេះ គឺជាសក្ខីភាពមួយបង្ហាញអំពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញនិងអភិវឌ្ឍវិស័យនានាដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងការបណ្តុះបណ្តាលធនធានមនុស្សនិងការផ្លាស់ប្តូរទំនាក់ទំនងពាក់ព័ន្ឋនឹងទីក្រុងឆ្លាតវៃរវាងទីក្រុងនៃខេត្តទាំងពីរ។ លោក បន្តថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះចាប់ផ្តើមនៅឆ្នាំ២០២០ ហើយ នៅខែឧសភាឆ្នាំ២០២២យើងចាប់អនុវត្តគម្រោងនិងវិធីសាស្ត្រទីក្រុងឆ្លាតវៃជាគម្រោងបច្ចេកទេសដែលមានភាគីពាក់ព័ន្ឋចូលរួមាច្រើនដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដើម្បីសម្រេចបាននូវការគ្រប់គ្រងនិងដោះស្រាយបញ្ហាដែលកើតមានឱ្យមានភាពល្អប្រសើរ។
គួររំលឹកថា ក្នុងគម្រោងនេះ រដ្ឋបាលខេត្តសៀមរាប និង JICA បានសហការគ្នាយ៉ាងស្អិតរមួត ទាំងការជំរុញការអនុវត្តនិងពង្រឹងការអនុវត្តសមត្ថភាពជាដើម ហើយកាលពីខែកក្កដាឆ្នាំ២០២៣ ទីក្រុង TAKAMATSU បានរៀបចំកិច្ចប្រជុំG7ដោយបានបង្កើតនូវគោលការណ៍ ដូចជាការអនុវត្តវីធីសាស្ត្រគោលនយោបាយកម្រិតខ្ពស់សម្រាប់ក្រុមប្រកបដោយនិរន្តរភាព ផ្សព្វផ្សាយផែនការទីក្រុងឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសហប្រតិបត្តិការគាំទ្រដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាមួយប្រទេសកំពុងអភិវឌ្ឍ។ តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមគម្រោងទីក្រុងឆ្លាតវៃ នេះនឹងអនុញ្ញាតឱ្យទីក្រុងទាំងពីរទទួលបាននូវការផ្លាស់ប្តូរបទពិសោធល្អៗលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសកម្មភាពទីក្រុងឆ្លាតវៃជាមួយគ្នានឹងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងខេត្តសៀមរាប និងក្រុង Takamatsu ឱ្យកាន់តែមានភាពជឿនលឿន និងប្រកបដោយប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប