|

លោកជំទាវចម និម្មល បង្ហាញអំពីគោលបំណងក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ


នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាគមអ្នកច្បាប់ និងតំណាងរបស់វិស័យឯកជន។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ដ្រី បានបង្ហាញអំពីគោលបំណង និងបេសកកម្មក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសហការគ្នាដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម នឹងក្លាយជាដៃគូរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រលើការធ្វើធុរកិច្ចនៅកម្ពុជា ក្នុងគោលដៅជំរុញការផលិតដើម្បីនាំចេញ ការប្រើប្រាស់ផលិតផលក្នុងស្រុក ការទទួលខុសត្រូវផ្នែកសង្គមរបស់វិស័យឯកជន ការលើកទឹកចិត្តធុរកិច្ចបៃតង ការគាំទ្រដល់ធុរកិច្ចដែលមានអនុលោមភាព និងស្វែងរកដៃគូជាធុរជនបរទេស។