លោកជំទាវ ចម និម្មល ផ្តល់បទអន្តរាគមន៍គាំទ្រលើការដាក់បញ្ចូលអត្ថបទកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងកិច្ចព្រមព្រៀង WTO
នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធីថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ក្នុងឱកាសនោះលោកជំទាវរដ្ឋមន្រ្តី បានចូលរួមផ្តល់បទអន្តរាគមន៍គាំទ្រលើការដាក់បញ្ចូលអត្ថបទកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងកិច្ចព្រមព្រៀង WTO ដោយបានគូសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ និងការធានានូវផលប្រយោជន៍របស់សមាជិកទាំងអស់ រួមទាំងកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ។