|

លោកជំទាវ ចម និម្មល៖ យើងឈរនៅកម្រិតមួយនៃការលាតត្រដាងនូវកាលានុវត្តភាពធុរកិច្ចជាច្រើនដែលអាចត្រូវបានប្រើប្រាស់ ដើម្បីធានាថាការអភិវឌ្ឍន៍សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន


នៅល្ងាចថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ដែលមានវត្តមានចូលរួមពីពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងនូវតួនាទីដ៏មានសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការរួមបញ្ជូលគ្នា ការធ្វើអន្តរកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងបរិយាកាសដ៏ស្និទស្នាល និងបង្កើនឱកាសបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។

ថ្លែងនៅក្នុងសុន្ទរកថាលោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផល នៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន និងដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលដ៏ធំធេងនៃការតភ្ជាប់ក្នុងតំបន់។ យើងឈរនៅកម្រិតមួយនៃការលាតត្រដាងនូវកាលានុវត្តភាពធុរកិច្ចជាច្រើនដែលអាចត្រូវបានប្រើប្រាស់ ដើម្បីមិនត្រឹមតែសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាថាការអភិវឌ្ឍន៍សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ គោលដៅសំខាន់នៃការពិភាក្សារបស់យើងនៅថ្ងៃស្អែកនេះ យើងក៏នឹងមានឱកាសដើម្បីយល់ដឹងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបញ្ចេញសក្តានុពល និងការវិវត្តតួនាទីរបស់ខ្លួនជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់អាស៊ាន និងទីផ្សារផ្សេងៗទៀត”។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើសសរស្តម្ភដែលជាគន្លឹះក្នុងការជំរុញអាស៊ានឆ្ពោះទៅអនាគតមួយដែលកាត់បន្ថយគម្លាតឌីជីថល តាមរយៈការពង្រឹងការតភ្ជាប់ ចីរភាព និងការលើកកម្ពស់ការអភិវឌ្ឍ ព្រមទាំងកំណើនប្រកបដោយបរិយាប័ន្ន ដែលរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធ។