អង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា
នេះជាការបញ្ជាក់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិធីបើក សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នាសាលសន្និសីទសុខា ក្រុងសៀមរាប រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២ភាគរយ ខណៈទិន្ផផល និង ការនាំចេញ ក៏មានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ហើយឈរនៅលេខរៀងទី៣ ក្នុងពិភពលោក លើផ្នែកផលិតកម្ម លទ្ធភាព ដាំដុះ និង ផ្ទៃដីដាំដុះដំណាំស្វាយចន្ទី នេះបើយោងតាម អង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដោយឃើញពីសក្តានុពល និង កាលានុវត្តភាពនៃ ដំណាំស្វាយចន្ទីរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលកន្លងទៅ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មានឆន្ទៈមោះមុត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក ដោយបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ធ្វើការដឹកនាំ រៀបចំ និង ដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទី ដែលក្នុងនោះរួមមាន ៖ ១/ ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត និងក្នុងជំហានបន្ទាប់ បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណ ដែលអាចផ្តល់ទុនបាន ២/ បន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) ៣/ ជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី និង ៤/ ពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី ។
សូមជម្រាបថា៖ «សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤» នៅខេត្តសៀមរាប រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានកិច្ចសហការពី ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ធុរកិច្ចជនអន្តរជាតិមកពី ៤០ប្រទេសផងដែរ។ នេះជាព្រឹត្តិការណ៍លើកដំបូង និង មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី ទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជាបង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធ និងឱកាសធុរកិច្ច ក្នុងវិស័យស្វាយចន្ទី។ នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប