|

ម៉ាត់ ណូរ៉ុន៖ បាល់ទាត់គឺជាអាជីពតែមួយគត់ដែលខ្ញុំស្រលាញ់


នេះគឺជាកីឡាករជំនាញជើងឆ្វេង ម៉ាត់ ណូរ៉ុន មានដើមកំណើតនៅរាជធានីភ្នំពេញ។ លោកបានចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ១២​ឆ្នាំមកម៉្លេះ។​ ដោយសារតែការដាក់ចិត្តស្រឡាញ់វិស័យបាល់ទាត់ ណូរ៉ុនបានខិតខំតស៊ូហ្វឹកហាត់តាំងពីកុមារភាព។

ម៉ាត់​​ ណូរ៉ុនបានរំឭកថា៖ «ខ្ញុំគ្មានអ្នកជំរុញលើកទឹកចិត្តអ្វីនោះទេ តែមកពីខ្លួនខ្ញុំស្រឡាញ់ការលេងបាល់ទាត់នេះ។ ខ្ញុំបានចាប់ផ្ដើមលេងបាល់ទាត់តាំងពីក្មេង លេងជាមួយមិត្តភក្ដិក្នុងសាលា តែយូរៗទៅក៏ស្រឡាញ់បាល់ទាត់នេះដោយគ្មានមូលហេតុ។»

យុវជនរូបនេះក៏បានបន្តថា បាល់ទាត់គឺជាអាជីពតែមួយគត់ដែលលោកស្រលាញ់ ពោលគឺលោកផ្ដោតអារម្មណ៍ខ្លាំងទៅលើវា។ 

ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងជាយុវជននៅភ្នំពេញក្រោន ក្រោយមកក៏បានផ្លាស់មកក្លិបអគ្គិសនីកម្ពុជា ហើយចុងក្រោយគេក៏បានប្ដូរមកក្លិបបឹងកេតនាដើមរដូវកាល ២០១៩។ គេបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងឱ្យក្លិបនាគខៀវនេះនៅចុងរដូវកាល ក្នុងនាមជាកីឡាករបម្រុងតែប៉ុណ្ណោះ។ យុវជនរូបនេះក៏បានរួមចំណែកជួយឱ្យបឹងកេតគ្រងជើងឯកនៃពានរង្វាន់សម្ដេច ហ៊ុន សែន លើកដំបូងក្នុងឆ្នាំដដែលនេះផងដែរ។ ថែមលើនេះ រូបលោករកបានគ្រាប់បាល់ដំបូងនៅពេលប្រកួតបើកឆាករដូវកាល២០២០។

យ៉ាងណាមិញ ខ្សែប្រយុទ្ធ ណូរ៉ុន ធ្លាប់មានរបួសដាច់សរសៃជង្គង់កាលពីពេលលោកចូលមកលេងឆ្នាំដំបូងនៅក្លិបបឹងកេត។ មកដល់បច្ចុប្បន្ន លោកមានប្រជាប្រិយភាព ដោយបានក្លាយជាខ្សែប្រយុទ្ធនៃក្លិបនាគខៀវបឹងកេតអស់រយៈពេលជិត៣ឆ្នាំហើយ។​ កីឡាកររូបនេះក៏បានថ្លែងចំណាប់អារម្មណ៍ចំពោះក្លិបថា បឹងកេត ជាក្លិបអាជីពមួយដែលល្អ ដែលរូបគេស្រឡាញ់ ហើយគេពេញចិត្តនឹងលេងនៅក្នុងក្លិបនេះណាស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នណូរ៉ុន ក៏ដូចជាសមាជិកក្លិបទាំងមូលកំពុងតែខិតខំខ្នះខ្នែង ហ្វឹកហាត់សម្រាប់ត្រៀមលេងនៅដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែមិនា ខាងមុខនេះ។ «ចំពោះឆ្នាំថ្មីនេះខ្ញុំមានការតាំងចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកលទ្ធផលល្អ។» នេះជាការលើកឡើងប្រកបដោយការតាំងចិត្តខ្ពស់របស់កីឡាករសញ្ចាតិខ្មែរ ឥស្លាមសម្រាប់រដូវកាលថ្មីនេះ៕

ដោយ៖ ម៉េង ហ៊ុយលាង

កែសម្រួលដោយ៖ ង៉ាយ ណៃ