ជំនួបរវាង លោក គីម ជុងអ៊ុន និងលោក ពូទីន ទំនងជាមានចេតនាលើសពីការចរចាររឿងអាវុធ


លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់វិមានក្រឹមឡាំងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ជុំវិញព័ត៌មានលម្អិតនៃកិច្ចប្រជុំនេះ ពុំទាន់មានអះអាងច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាទំនងជានឹងប្រព្រឹត្តទៅនៅទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី ដើម្បីផ្តល់ភាពជិតស្និតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអាមេរិកម្នាក់។

លោក គីម ជាទូទៅត្រូវបានគេដឹងថា លោកកម្រចាកចេញពីរដ្ឋធានីព្យុងយ៉ាងណាស់។ យ៉ាងណាមិញ លើកនេះលោកត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ីដោយរថភ្លើងពាសដែក ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា នៅបរិវេណនៃសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok។

ជំនួបនេះធ្វើឡើង បន្ទាប់ពីជំនួបដំបូងក្នុងឆ្នាំ២០១៩ ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចកាន់តែច្រើន ដើម្បីទប់ទល់នឹងភាពឯកោរបស់ពួកគេ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក ពូទីន ចង់ធានាបាននូវគ្រាប់កាំភ្លើងធំ និងកាំជ្រួចប្រឆាំងរថក្រោះរបស់កូរ៉េខាងជើង ខណៈដែលលោក គីម សង្ឃឹមថា វិមានក្រឹមឡាំងនឹងឆ្លើយតបជាមួយនឹងបច្ចេកវិទ្យាសម្រាប់ផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏កំពុងស្វែងរកជំនួយអាហារចំពេលមានរបាយការណ៍អំពីកង្វះអាហាររ៉ាំរ៉ៃ និងអត្រាខ្ពស់នៃកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកូរ៉េខាងជើងដែលមានអាយុក្រោម៥ ឆ្នាំ។

សូមជម្រាបថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះកើតឡើងចំពេលមានការរំពឹងទុកថា រុស្ស៊ីបានស្នើឲ្យកូរ៉េខាងជើងចូលរួមក្នុងសមយុទ្ធជើងទឹករួមជាមួយចិន៕

ប្រភព: THE GUARDIAN