|

ឯកឧត្តម គីម រិទ្ធី នាំយកអំណោយឧបត្ថម្ភដ៏មានសារៈសំខាន់ពីក្រសួងបរិស្ថាន ជូនវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញនាំយកអាងចម្រោះទឹកស្អាត ដែលជាការឧបត្ថម្ហរបស់ក្រសួងបរិស្ថាន ជូនវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ដែលស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ពិធីប្រគល់អាងចម្រោះទឹកស្អាតនាឱកាសនេះ បានឆ្លុះបញ្ចាំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ លើបញ្ហាសុខុមាលភាពប្រជាពលរដ្ធ សិស្សានុសិស្ស ដោយបានកាត់បន្ថយការចំណាយថវិកាក្នុងការទិញ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដើម្បីឱ្យបរិស្ថានស្អាត និងមានអនាម័យល្អផងដែរ។

តាមរយៈសកម្មភាពនេះ ក្រសួងបរិស្ថានមានទិសដៅសំខាន់ផ្តោតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព ចូលរួមសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ នឹងឈានទៅសម្រេចឱ្យបានឋានៈប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។