សង្ខេបប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី​៖ បច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា


នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីឌ១៩ នៅវិមានសន្តិភាព នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងចំណុចសំខាន់មួយចំនួនរួមមាន៖

១. ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះនឹងត្រូវបានផ្អាកដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីឌ១៩។

២​. បុគ្កលិកនៃស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់នឹងត្រូវបន្តការងាររបស់ខ្លួនជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ រីឯកម្មករ/កម្មការរិនីរោងចក្រ សហគ្រាស ឬបុគ្គលិកក្រុមហ៊ុនឯកជនដទៃទៀតក៏នឹងមិនត្រូវបានអនុញ្ញាតឲ្យឈប់ដូចគ្នា។

៣. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្មកររោងចក្រដែលព្យួរការងារនឹងទទួលបានប្រាក់ចំនួន៧០ដុល្លារ ដែលក្នុងនោះរដ្ឋាភិបាលផ្ដល់៤០ដុល្លារ និងខាងរោងចក្រផ្ដល់៣០ដុល្លារ។

៤. សម្ដេចតេជោ ក៏បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ កម្ពុជានៅមិនទាន់ដល់ពេលដែលត្រូវដាក់ប្រទេសនៅក្នុងគ្រាអាសន្ននៅឡើយទេ។

៥. ជើងហោះហើរដែលត្រៀមដាក់ពលរដ្ឋកម្ពុជាចំនួន១៥០នាក់មកពីប្រទេសម៉ាឡេស៊ី ត្រូវបានលុបចោល ព្រោះស្ថានភាពនៅប្រទេសម៉ាឡេស៊ីកំពុងមានការរីករាលដាលខ្លាំងនូ​វជំងឺកូវីឌ១៩។

៦. សម្ដេចតេជោ បានក្រើនរំលឹកដល់ពលរដ្ឋឲ្យបន្តការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរចេញពីក្រៅផ្ទះ និងត្រូវគោរពទៅតាមការណែនាំរបស់ក្រសូងសុខាភិបាលជាតិ ជាពិសេសអនុវត្តនូវវិធីសាស្រ្តដ៏សាមញ្ញ “គម្លាតសង្គម”។

អត្ថបទ៖ យុវជនប្រេនបូឌា ង៉ាយ ណៃ

រូបភាព៖ SPM