ក្រុមបាតុកម្មនៅហ្វីលីពីនប្រកាសមិនផ្អាកការតវ៉ាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន តាមការអំពាវនាវរបស់រដ្ឋាភិបាលឡើយ ព្រោះនេះជា «ឱកាសមាស» របស់ពួកគេ!
(ម៉ានីល)៖ ក្រុមសម្ព័ន្ធភាពជាតិថ្មី (Bagong Alyansang Makabayan ហៅកាត់ថា Bayan) នៅប្រទេសហ្វីលីពីន បានបដិសេធការអំពាវនាវរបស់វិមានប្រធានាធិបតី ឱ្យពន្យារពេលការធ្វើបាតុកម្មក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដោយលើកឡើងថា វត្តមានមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ គឺជា «ឱកាសមាស» សម្រាប់ក្រុមខ្លួនបង្ហាញការរិះគន់ចំពោះរដ្ឋបាលលោក Ferdinand Marcos Jr. និងគោលនយោបាយរបស់សហរដ្ឋអាមេរិកទៅកាន់សហគមន៍អន្តរជាតិ។





នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ក្រុម Bayan បានលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន គឺជាពេលវេលាដ៏សំខាន់ក្នុងការលើកឡើងពីកង្វល់នានាពាក់ព័ន្ធនឹងគោលនយោបាយរដ្ឋាភិបាល ជាពិសេសគម្រោងបង្កើតមជ្ឈមណ្ឌល Pax Silica ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង New Clark ខេត្ត Tarlac។
ក្រុមនេះបានអះអាងថា គម្រោងខាងលើអាចបង្កឱ្យមានការបាត់បង់ដីធ្លី និងការផ្លាស់ទីលំនៅរបស់ប្រជាកសិករ និងសហគមន៍ជនជាតិដើមភាគតិច។ បញ្ហានេះក៏ជាប្រធានបទសំខាន់មួយដែលក្រុមបាតុករបានលើកឡើងក្នុងការតវ៉ាជុំវិញកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ជាមួយគ្នានេះ ក្រុមBayan ក៏បានរិះគន់ការត្រៀមទទួលស្វាគមន៍ប្រធានាធិបតីអាម៉េរិក លោក Donald Trump ដោយអះអាងថា ប្រជាពលរដ្ឋហ្វីលីពីនមួយចំនួនប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក។ ក្រុមនេះបានប្រកាសទៀតថា នឹងរៀបចំបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងវត្តមានលោក Donald Trump ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក។
លើសពីនេះ ក្រុម Bayan បានចោទប្រកាន់រដ្ឋាភិបាលថា កំពុងប្រើប្រាស់ឱកាសនៃកិច្ចប្រជុំអាស៊ាន ដើម្បីបង្វែរការចាប់អារម្មណ៍ពីការតាមដានការចំណាយថវិការដ្ឋ និងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ រួមទាំងការរំខានដល់អាជីវករ និងអ្នករស់នៅក្នុងតំបន់រៀបចំកិច្ចប្រជុំផងដែរ។
ក្រុមនេះបានបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋមិនមែនធ្វើឡើងដើម្បីបំពេញតាមភាពងាយស្រួលរបស់អ្នកកាន់អំណាចនោះទេ ប៉ុន្តែជាការបង្ហាញសិទ្ធិសេរីភាព និងការតវ៉ាចំពោះគោលនយោបាយដែលពួកគេមិនពេញចិត្ត។
ប្រភព៖ Inquirer.Net













