|

ឯកឧត្តម ហ៊ុន ម៉ានី: ការចូលរួមរបស់គណបក្សទាំង ១៨ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា លំហសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែមានអត្ថិភាពយ៉ាងទូលំទូលាយ


មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី “អ្នកសង្កេតការណ៍បោះឆ្នោត” សម្រាប់ជនបង្គោលរបស់ ស.ស.យ.ក. រាជធានី ខេត្តទទួលបន្ទុកអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអបអរសាទរដល់គណបក្សនយោបាយទាំង ១៨ ដែលកាលពីម្សិលមិញ ទទួលបានលេខរៀងសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា ចូលរួមរបស់គណបក្សទាំង ១៨ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា លំហសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែមានអត្ថិភាពយ៉ាងទូលំទូលាយ ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចបញ្ចេញនូវការគាំទ្ររបស់ខ្លួនដល់គណបក្ស ដែលខ្លួនទុកចិត្ត។

សូមជម្រាបផងដែរថា ជានិច្ចកាលស.ស.យ.ក. តែងបានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោត ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសស គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់កម្រិត ក្នុងការធានាថាគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌៕