| |

ប្រទេសម៉ាឡេស៊ីគ្រោងនឹងបញ្ជូនអត្តពលិកចំនួន ៦៧៧ នាក់ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា


ប្រទេសម៉ាឡេស៊ីគ្រោងនឹងបញ្ជូនអត្តពលិកចំនួន ៦៧៧ នាក់ បុរស ៤០៣ នាក់ ស្រី ២៧៤ នាក់ រួមជាមួយមន្ត្រីចំនួន ២៣៧ នាក់ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។

ប្រធានក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM) លោក Tan Sri Mohamad Norza Zakaria បាននិយាយថា ការកើនឡើងនៃការចូលរួមនេះ គឺដើម្បីផ្តល់ឱកាសដល់អត្តពលិកវ័យក្មេង និងយុវជនកាន់តែច្រើនសម្រាប់ការបង្ហាញខ្លួននៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ និងឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។លោកបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយការប្រកាសអំពីការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជាថា «អត្តពលិកម៉ាឡេស៊ីភាគច្រើននឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាក្រុម រួមមានកីឡាបាល់ទាត់ (អត្តពលិក ៤០ នាក់) ហុកគី (អត្តពលិក ៦០ នាក់) កីឡាវាយសី (អត្តពលិក ២០ នាក់) និងបាល់ទះ (អត្តពលិក ៤០ នាក់)។»

ការចូលរួមរបស់ម៉ាឡេស៊ីក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ នឹងក្លាយជាការបញ្ជូនអត្តពលិកច្រើនលំដាប់ ទីបី សម្រាប់ការប្រកួតនៅក្រៅប្រទេស ដែលក្នុងនោះការប្រកួតស៊ីហ្គេមឆ្នាំ២០០៧ នៅកូរ៉ាត់ មានអត្តពលិក ៨២០ នាក់ និងស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនមានអត្តពលិក ៧៧២ នាក់។

គួរបញ្ជាក់ថា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមដែលខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៧ ម៉ាឡេស៊ីបានរៀបចំអត្តពលិកចំនួន ៨៤៥ នាក់ និងមន្ត្រីចំនួន ២៩៤នាក់ ដែលនេះជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ខណៈដែលប្រទេសនេះក៏បានបញ្ជូនអត្តពលិកចំនួន ៥៨៤នាក់ និងមន្ត្រីចំនួន ២៧២នាក់ ទៅប្រកួតលើកចុងក្រោយនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយមាស៣៩ ប្រាក់៤៥ និងសំរឹទ្ធ ៩០៕

ប្រភព៖ The Sun Daily