| |

ឯកឧត្តម ហ៊ុន ម៉ានី៖ «ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?»


ថ្លែងប្រសាសន៍នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកយកជ្រុងមួយនៃការកែទម្រង់ក្នុងបរិបទកម្ពុជា មិនថាក្នុងវិស័យអប់រំ ឬវិស័យកសិកម្ម និងវិស័យផ្សេងៗ ទាំងផែនការ ទាំងវិធីសាស្ត្រ ទាំងបច្ចេកទេសរៀន និងបង្រៀន រួមទាំងមាតិកានៃមេរៀនផងដែរ។

ឯកឧត្តម បានធ្វើការគូសបញ្ជាក់ថា កត្តាមួយ ក្នុងកត្តាជាច្រើនដែលទាមទារឲ្យមានការកែទម្រង់នោះ មិនមែនបានន័យថាអ្វីដែលយើងធ្វើកន្លងមកមិនល្អនោះទេ កម្ពុជាបានធ្វើកិច្ចការល្អច្រើនណាស់ តែយើងមានមហិច្ឆតាចំពោះជាតិ និងប្រជាជន លើសនេះទៅទៀត ហើយយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កត្តាមួយនោះគឺជា ការឆ្ពោះទៅមុខរបស់កម្ពុជាក្នុងកាលៈទេសៈនៃការវិវឌ្ឍសង្គមសេដ្ឋកិច្ចសាកល ទាំងចំណេះជំនាញក្នុងសតវត្សទី២១ផង ទាំងដំណាក់កាលនៃសាកលភាវូបនីយកម្មផង ទាំងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ផង និងដើម្បីតម្រូវឲ្យសមស្របជាមួយទីផ្សារការងារ និងសេដ្ឋកិច្ចជាសាកលផង។

ឯកឧត្តម បានបន្តថា រាល់ការចូលរួម និងគាំទ្រក្នុងដំណើរការកែទម្រង់ពិតជាមានសារៈសំខាន់។ ប្រសិនបើយើងមិនមានការកែសម្រួល ឬកែទម្រង់ទេនោះ យើងប្រាកដណាស់នឹងអាចរត់ក្រោយគេ ឬតាមមិនទាន់ស្ថានការណ៍នៃដំណើរទៅមុខរបស់សង្គមសាកល ដែលទាមទារជារៀងរាល់ថ្ងៃ ហើយទាំងនេះក៏ទាមទារឲ្យយើងទាំងអស់គ្នាកាន់តែខិតខំប្រឹងប្រែងធ្វើវឌ្ឍនភាពខ្លួនឯងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាជិក សមាជិកានៃសាកលវិទ្យាល័យទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ស្ម័គ្រចិត្តចូលរួមជាមួយ ស.ស.យ.ក. ដោយសម្រេចបានសមិទ្ធផលជាច្រើនក្រោមការដឹកនាំយ៉ាងមុតមាំរបស់ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕