លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ស្វាគមន៍គម្រោងថតភាពយន្តបែបប្រវត្តិសាស្រ្តរបស់ផលិតករភាពយន្តចិន នៅលើទឹកដីកម្ពុជា
យោងទៅតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យលោក Xie Xudong អគ្គនាយកក្រុមហ៊ុន Zhong Fang international Investment នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្ត ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកម្ពុជាចិន នាសតវត្សទី១៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
![](https://media.brandbodia.com/wp-content/uploads/2022/11/FB_IMG_1668652008998.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/11/FB_IMG_1668652011803.jpg)
លោកជំទាវបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគម្រោងនៃការថតភាពយន្តរឿងប្រវត្តិសាស្រ្តនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយអំពីកម្ពុជា ពិសេសផ្នែកវប្បធម៌ និងទេសចរណ៍។ ជាមួយនេះ ដើម្បីជួយសម្របសម្រួលដល់ផលិតករ លោកជំទាវបណ្ឌិតសភាចារ្យបានស្នើដល់ក្រុមហ៊ុនផ្តល់អត្ថបទនិពន្ធពិស្តារ ដើម្បីក្រុមការងារក្រសួងជួយពិនិត្យសិក្សា និងស្នើឱ្យមានការជួបពិភាក្សាផ្ទាល់រវាងផលិតករ អ្នកដឹកនាំរឿង ជាមួយមន្រ្តីជំនាញរបស់ក្រសួង ដើម្បីជួយសម្រួលខ្លឹមសារឱ្យកាន់តែមានភាពត្រឹមត្រូវស្របតាមប្រវត្តិសាស្រ្ត។
![](https://media.brandbodia.com/wp-content/uploads/2022/11/FB_IMG_1668652020647.jpg)
សូមបញ្ជាក់ជូនថា ការទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការងារអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីវប្បធម៌៕
![](https://media.brandbodia.com/wp-content/uploads/2022/11/FB_IMG_1668652023002.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/11/FB_IMG_1668652016975.jpg)
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ