ឯកឧត្តម នួន ផារ័ត្នបានថ្លែងប្រសាសន៍ថា៖ «ឯកឧត្តម ហ៊ុន ម៉ានី ជាអាយដលរបស់យុវជន ហើយក៏ជាអាយដលមួយផ្ទាល់របស់ខ្ញុំ ដែលបានបង្ហាញនូវចក្ខុវិស័យ និងភាពជាគំរូក្នុងការអនុវត្តការងារ»


ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីរាត្រីស្រមោលសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា(CEO AWARD 2022) ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម បានធ្វើការលើកឡើងថា នៅក្នុងការចាប់ផ្តើមនៃដំណើរការអាជីវកម្មយ៉ាងត្រដាបត្រដូសលើផ្លូវសហគ្រិនភាពរបស់យុវជន គឺដូចជាការដើរលើផ្លូវនៃការងារសង្គម និងនយោបាយរបស់ឯកឧត្តមយ៉ាងដូច្នោះដែរ។ ដល់ដំណាក់កាលមួយ គឺត្រូវស្វែងរកការបណ្ដុះបណ្ដាលនៅក្នុងវិស័យរបស់ខ្លួន ដោយការជ្រើសរើសអាយដលណាម្នាក់ ហើយធ្វើសិក្សាស្វែងយល់ពីអាយដលរបស់ខ្លួន ដើម្បីជាប្រទីបបំភ្លឺផ្លូវនាពេលអនាគត។

ជាទឡ្ហីករណ៍ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា «ជាក់ស្ដែង នៅក្នុងដំណើរការនៃការបំពេញការងាររបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា មានអាយដលជាច្រើន ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ក្នុងចំណោមអាយដលជាច្រើននៅកម្ពុជារបស់យើង ឯកឧត្តម ហ៊ុន ម៉ានី ជាអាយដលរបស់យុវជន ហើយក៏ជាអាយដលមួយផ្ទាល់របស់ខ្ញុំ ដែលបានបង្ហាញនូវចក្ខុវិស័យ ភាពជាគំរូ ភាពអំណត់អត់ធ្មត់ ក្នុងការងារ និងការអនុវត្តការងារជាក់ស្ដែងដើម្បីតម្រង់ទិសការងារទៅមុខរបស់យើងខ្ញុំជាយុវជនផងដែរ»។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅពេលដែលយើងមានអាយដលណាម្នាក់សម្រាប់បំភ្លឺ ក្នុងការចាប់ផ្ដើមជ្រើសរើសនូវដំណើរផ្លូវដ៏លំបាកណាមួយ វាជារឿងមួយដ៏ល្អ ដែលអាចជាកត្តាជំរុញឱ្យយើងទទួលបានជោគជ័យលើវិស័យលើវិស័យដែលយើងកំពុងឈរ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តមក៏បានបង្ហាញការអបអរយ៉ាងក្លៀវក្លា ចំពោះសហគ្រិនវ័យក្មេងទាំងអស់ ដែលបានដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យ ដែលភាពជោគជ័យទាំងនេះជាចំណែកធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ៕

ដោយ៖ Phat Koemchhe