| |

«ការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលនាំឱ្យកងកម្លាំងប្រដាប់អាវុធក្លាយជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងសភាពការណ៍កូវីដ-១៩»


នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បាននាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែន។ ទីតាំងទី១ នៃបេសកកម្ម គឺកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ឯកឧត្តម បានបន្តថា ក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍។

ពិតណាស់ កូវីដ-១៩ បានក្លាយជាឧបសគ្គរារាំងសម្ទុះរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា និងប្រទេសនានាលើពិភពលោក។ យ៉ាងណាមិញ តាមរយៈវិធានការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងកម្លាំងចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធខ្នះខ្នែង លះបង់កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង នាំឱ្យកម្ពុជាយើងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់លើសមរភូមិមួយនេះ។ កត្តានេះ បាននាំឱ្យយើងមានលទ្ធភាពរំដោះខ្លួនចេញពីស្ថានភាពដ៏អាក្រក់ ហើយនាំមកនូវកិច្ចអភិវឌ្ឍតាមគន្លងប្រក្រតីភាពឡើងវិញ៕

ប្រភព៖ Hun Many