ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ
យោងទៅតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
![](https://media.brandbodia.com/wp-content/uploads/2022/09/FB_IMG_1662948781671.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/09/FB_IMG_1662948783736.jpg)
ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ឯកឧត្តមបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
![](https://media.brandbodia.com/wp-content/uploads/2022/09/FB_IMG_1662948862741.jpg)
![](https://media.brandbodia.com/wp-content/uploads/2022/09/FB_IMG_1662948860060.jpg)
លោក Bruno Bodard បានសរសើរកម្ពុជាមានភាពក្លាហានរៀបចំព្រឹត្តការធំៗ ដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវា Wasterdam ក្នុងកំលុងពេលពិភពលោកជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ដែលជាសក្ខីភាពបង្ហាញពីភាពខ្លាំងរបស់កម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ១៩៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព ៖ ក្រសួងទេសចរណ៍