ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរអំពីការស្រេកឃ្លានចំណេះដឹង ចង់ចេះ ចង់យល់ ចង់អភិវឌ្ឍសមត្ថភាពរបស់និស្សិត
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. រួមទាំងលោកសាកលវិទ្យាធិការ សមាជិក សមាជិកាស.ស.យ.ក. ជាច្រើនរូបទៀត។
ឯកឧត្តម ប្រធាន បានសម្ដែងក្ដីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសំណេះសំណាល និងសំណួរ-ចម្លើយ ជាមួយសិស្សនិស្សិត តាមរយៈបេសកកម្មមួយនេះ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា «ខ្ញុំបានកត់សម្គាល់ពីសមត្ថភាព អត្តចរិតល្អ និងភាពឆ្លាតវៃរបស់និស្សិតតាមរយៈការសួរសំណួរ និងការឆ្លៀតឱកាសរបស់ពួកគេក្នុងការទាញយកវេទិកាដើម្បីរៀនសូត្រ»។
«សំណួរទាំងអស់ដែលបានសួរមកកាន់ខ្ញុំកាលពីព្រឹកមិញនេះ បង្ហាញពីការស្រេកឃ្លានចំណេះដឹង ចង់ចេះ ចង់យល់ ចង់ដឹង ចង់អភិវឌ្ឍសមត្ថភាពបន្ថែម។ ខ្ញុំខ្លួនឯង ក៏បានរៀនសូត្របន្ថែមផងដែរ ចេញពីសំណួរ ដែលសុទ្ធតែត្រូវបានប្រិតប្រៀង ចេញពីការវិភាគ និងសុទ្ធតែជាសំណួរដែលមានសារៈសំខាន់»។ ឯកឧត្តម បានបង្ហាញក្ដីសង្ឃឹម និងជំនឿចិត្តថា តាមរយៈការឆ្លៀតឱកាសយកវេទិកាបែបនេះមករៀនសូត្រ ប្អូនៗនឹងអាចអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្លាយជា សក្តានុពលនិងធនធានមនុស្សដ៏មានប្រសិទ្ធភាពរបស់ប្រទេសជាតិ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Many, សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia