|

សម្ដេច ហ៊ុន សែន ៖ «ប្រសិនបើកូនខ្ញុំមិនមានគ្រប់លក្ខខណ្ឌ ខ្ញុំមិនអាចឱ្យប្រទសនេះបំផ្លាញដោយដៃកូនរបស់ខ្ញុំនោះទេ»


នាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធិប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា

មានប្រសាសន៍នៅក្នុងឱកាសនេះ សម្ដេចបានលើកឡើងពីមតិមួយចំនួនដែលបានធ្វើការលាបពណ៌ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងសម្ដេច និងត្រូវជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការទៅទទួលបញ្ជាពីវៀតណាម ឬសុំការគាំទ្រពីវៀតណាម។ ឆ្លើយតបយ៉ាងខ្លីទៅនឹងការលើកឡើងនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា «កម្ពុជា មិនមានតម្រូវការសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់»។

ក្នុងន័យនេះ សម្ដេច បានឱ្យដឹងថាសម្រាប់កម្ពុជា តម្រូវការសំខាន់ក្នុងការធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺត្រូវមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯង និងបន្ទាប់មកគឺការបោះឆ្នោតផ្ញើសេចក្ដីទុកចិត្តពីប្រជាជន ដើម្បីក្លាយទៅជាតំណាងរាស្ត្រ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា។ បន្តពីនេះគឺត្រូវទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល និងសុំការអនុម័តពីសភាដែលតំណាងឱ្យប្រជាជន។ ដូច្នេះ ពុំមានហេតុផលណាមួយដែលកម្ពុជា ត្រូវសុំការគាំទ្រពីបរទេសឡើយ។

សម្ដេច ព្រមទាំងបានសង្កត់ធ្ងន់ថា «ប្រសិនបើកូនខ្ញុំមិនមានគ្រប់លក្ខខណ្ឌ ខ្ញុំមិនអាចឱ្យប្រទសនេះបំផ្លាញដោយដៃកូនរបស់ខ្ញុំនោះទេ» ពោលគឺត្រូវធានាបានថា ប្រទេសជាតិនឹងមានស្ថេរភាព ដោយលក្ខណៈសម្បត្តិនៃអ្នកដឹកនាំ៕

ដោយ៖ ផាត់​ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister