ឯកឧត្តម ហ៊ុន ម៉ានី «មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថា AFC និងម្ចាស់ផ្ទះនឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ»

ជំនួបរវាងក្រុមកីឡាករកម្ពុជា ជាមួយក្រុមកីឡាករឥណ្ឌា ក្នុងការប្រកួតក្របខណ្ឌ AFC Asian Cup កាលពីម្សិលមិញនេះ គឺជាប្រធានបទដ៏ក្ដៅរបស់អ្នកទស្សនា។ ជាមួយគ្នានេះ ក៏មានការលេចចេញនូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាជាច្រើន ទៅលើទង្វើឥណ្ឌាដែលជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ។

ជាការពិតណាស់ ក្នុងការប្រកួតប្រជែង ឈ្នះ ឬចាញ់ ជាផ្នែកមួយនៃការប្រកួត ហើយកម្រិតនៃបដិសណ្ឋារកិច្ច ក៏អាស្រ័យលើប្រទេសម្ចាស់ផ្ទះដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការលើកឡើងដោយមិនពេញចិត្តនោះ គឺអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ជុំវិញបញ្ហានេះ​ ក៏មានការលើកឡើងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដោយមានសេចក្ដីថា «មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ។  ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។  ខ្ញុំសង្ឈឹមថានឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេល អនាគតដើម្បីកុំឲ្យបញ្ហា/កំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ ។

ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។  ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង»។

ឯកឧត្តមបានបន្តថា «សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។

សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វិក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជនទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ»។

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Many