កូវីដ-១៩បានធ្វើឲ្យប្រជាជនកែប្រែទស្សនៈមិនល្អមួយចំនួនចំពោះក្រុមគ្រូពេទ្យ


នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ដោយពិធីសំណេះសំណាលនេះ បានប្រារព្ធឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាពេលកន្លងមកនេះ។

ស្ថិតក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ពេលវេលាសម្រាប់កូន ភរិយា និងស្វាមី ដើម្បីមកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។ ហើយភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ»។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ថ្លែងអំណរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបានអនុញ្ញាតឱ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។

យ៉ាងណាមិញ សម្តេចតេជោបានបញ្ជាក់ផងដែរថា «បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។ ការបណ្តុះបណ្តាលវិស័យសុខាភិបាលពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូច្នេះបានឡើយ។ ហើយកម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះទេ។ បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង»។

ក្នុងឱកាសនេះដែរ សម្ដេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់មន្ត្រីជួរមុខ និងក្រុមគ្រូពេទ្យបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិយាកាសរីករាយបំផុត៕

ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister