ចិនផ្ដល់ជំនួយអង្ករប្រមាណ ៦០,០០០ តោនដល់គុយបា ខណៈប្រទេសនេះនៅតែមានវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារធ្ងន់ធ្ងរ
រដ្ឋាភិបាលគុយបាបានថ្លែងអំណរគុណដល់ប្រទេសចិន បន្ទាប់ពីទទួលបានជំនួយអង្ករលើកដំបូង ក្នុងចំណោមជំនួយសរុបប្រមាណ ៦០,០០០ តោន ដែលទីក្រុងប៉េកាំងបានផ្តល់ជួយ ខណៈប្រទេសកោះមួយនេះកំពុងប្រឈមវិបត្តិមនុស្សធម៌ និងកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរ។


ប្រធានាធិបតីគុយបា Miguel Díaz-Canel បានបញ្ជាក់តាមបណ្ដាញសង្គមថា អង្ករចំនួន ១៥,០០០ តោនដំបូង បានមកដល់កំពង់ផែ Havana កាលពីថ្ងៃសៅរ៍។ លោកបានអះអាងថា ជំនួយនេះនឹងជួយសម្រាលស្ថានភាពខ្វះខាតស្បៀង ដែលប្រជាពលរដ្ឋគុយបាកំពុងប្រឈមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា គុយបាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ច ការខ្វះប្រេងឥន្ធនៈ ការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ និងការខ្វះខាតស្បៀងអាហារ ដែលធ្វើឲ្យស្ថានភាពរស់នៅរបស់ប្រជាជនកាន់តែពិបាក។
រដ្ឋាភិបាលចិនបានបញ្ជាក់ជាច្រើនលើកថា ខ្លួននឹងបន្តគាំទ្រគុយបា ទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច ខណៈទីក្រុងប៉េកាំងក៏បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ ៨០ លានដុល្លារ សម្រាប់ជួយដោះស្រាយវិបត្តិនៅលើកោះនេះផងដែរ។
គួរបញ្ជាក់ថា វិបត្តិនៅគុយបា បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបន្តដាក់ទណ្ឌកម្ម និងរឹតបន្តឹងការហាមឃាត់ផ្នែកថាមពល និងពាណិជ្ជកម្មលើរដ្ឋាភិបាល Havana ដែលបណ្ដាលឲ្យប្រទេសនេះខ្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងថវិកានាំចូលទំនិញចាំបាច់។
ដោយឡែក អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិជាច្រើន បានព្រមានថា ប្រសិនបើស្ថានភាពមិនមានការកែលម្អទេ គុយបាអាចប្រឈមនឹងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងប្រព័ន្ធសុខាភិបាលរបស់ប្រទេសរយៈពេលវែងដែលទាមទារឲ្យមានស្ដារឡើងវិញជាច្រើនទស្សវត្តន៍។
ប្រភព៖ Aljazeera











