ឯកឧត្តម ហ៊ុន ម៉ានី «យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាល២០១៣ ឬ២០១៤នោះទេ»


ស្របពេលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងខិតខំរំដោះខ្លួនពីបញ្ហាចំពោះមុខយ៉ាងលំបាក ជាក់ស្ដែងដូចជាការប្រយុទ្ធប្រឆាំងនឹងបរិបទនៃជំងឺឆ្លងដ៏សាហាវ ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រនយោបាយដ៏ឈ្លាសវៃនានា ដើម្បីតម្រង់ឆ្ពោះទៅរកសេចក្ដីសុខ សន្តិភាពនៃប្រជាជាតិកម្ពុជាទាំងមូលនេះ ក៏សង្កេតឃើញថាមានក្រុមមួយចំនួនតូចព្យាយាមបង្កើតបញ្ហាស្មុគស្មាញ ក៏ដូចជារំលោភបំពានច្បាប់សង្គមជាដើម។

ជុំវិញបញ្ហានេះ  ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន ៥០២នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា «យើងត្រូវតែនិយាយឱ្យច្បាស់… យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យ ដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤នោះទេ ។ យើងកំពុងរវល់ដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពអនាធិបតេយ្យបំពានច្បាប់ទៅវិញ»។

ឯកឧត្តម បានរំលឹកឡើងថា « ពេលនេះប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរដែលបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬការរឹតត្បិតសកម្មភាពប្រចាំនានា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។​ នៅបសេដ្ឋនេះផ្ទាល់ក៏មានបិទដែរ។ ប្រាកដណាស់ថា យើងជួបការលំបាកដូចគ្នា ប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះគឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ យើងពិតជាមិនមានជម្រើសអ្វីល្អជាងនោះទេ។ ២ ឆ្នាំចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវអាយុជីវិត សេចក្ដីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន»។

យ៉ាងណាមិញ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការសហការដ៏ស្អិតរមួតរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Many