ឯកឧត្តម ហ៊ុន ម៉ានី «យើងប្រឹងប្រែងណាស់ ដើម្បីការពារអាយុជីវិតប្រជាជន»


កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានទទួលរងនូវវិបត្តិច្រើនមកហើយដែលបង្កឡើងក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩។ ជំងឺឆ្លងដ៏សាហាវនេះ បាននាំកម្ពុជាយើងឱ្យស្ថិតនៅមាត់ជ្រោះមរណៈ ប្រសិនបើមិនប្រឹងប្រែងរួមគ្នាទេ យើងនឹងឈានទៅរកមរណៈពិតប្រាកដហើយ នេះជាប្រសាសន៍ដែលធ្លាប់បានលើកឡើងដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ។ ដូច្នេះ យើងឃើញថា ការដកខ្លួនពីស្ថានភាពដ៏លំបាកនោះ ពុំមែនជាការងាយស្រួលនោះឡើយ។

ស្ថិតក្នុងសមរភូមិនៃការប្រយុទ្ធជាមួយជំងឺកូវីដ-១៩រយៈពេលជាង២ឆ្នាំមកនេះ  ធ្វើឱ្យយើងបានឃើញពីសកម្មភាពនៃការអនុវត្តជាក់ស្ដែងរបស់ថ្នាក់ដឹកនាំ ដែលបានប្រឹងប្រែងដើម្បីការពារអាយុជីវិតរបស់ប្រជាជនក្នុងដំណាក់កាលដ៏លំបាកដែលយើងបានជួបប្រទះ។

ជុំវិញបញ្ហានេះដែរ ឯក ឧត្តម ហ៊ុន ម៉ានី​ បានរំលឹកឡើងថា «ប្រសិនបើយើងត្រឡប់ទៅមើលលើវិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឱ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឱ្យបានចៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទៀតផង។ ចេញពីវិធានការទាំងអស់នោះហើយ ទើបយើងមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ»។

ឯក ឧត្តម ព្រមទាំងបានចោទនូវសំណួរដ៏រសើបថា «តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ»?

គួរបញ្ជាក់ផងដែរថា ប្រសាសន៍លើកឡើងរបស់ឯក ឧត្តម គឺធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Many