លោក ដូណាល់ ត្រាំ បន្តរំឭកពីសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងធានាឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនេះ តាមអ្វីដែលបានឯកភាពគ្នាកាលពីមួយឆ្នាំមុន!


ម៉ានីល៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តរំឭកពីសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលសម្រេចបានកាលពីឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរួមរបស់លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះបាននាំទៅដល់ការសម្រេចបានបទឈប់បាញ់ ជួយសង្គ្រោះជីវិតមនុស្ស និងអនុញ្ញាតឱ្យជនស៊ីវិលដែលបានភៀសខ្លួនដោយសារជម្លោះអាចវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធានាឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ និងស្មោះត្រង់តាមអ្វីដែលបានឯកភាពគ្នាកាលពីមួយឆ្នាំមុន។

ថ្លែងក្នុងពិធីជប់លៀងដែលរៀបចំឡើងដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនកិត្តិយសដល់រូបលោក ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងម៉ានីល លោក ត្រាំ បានរំឭកថា ក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុននៅប្រទេសម៉ាឡេស៊ី លោក និងលោក អាន់វ៉ា បានរួមគ្នាសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលជាការវិវឌ្ឍដ៏សំខាន់ក្នុងការបញ្ឈប់សង្គ្រាម និងស្តារសន្តិភាពឡើងវិញ។

ជាពិសេស លោក ត្រាំ បានរំឭកពីការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះមុខមេដឹកនាំដែលមានវត្តមានក្នុងពិធីជប់លៀងនៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះ ដោយលោកបានចាត់ទុកថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ គឺជាសមិទ្ធផលដ៏សំខាន់មួយដែលលោក និងលោក អាន់វ៉ា បានសម្រេចរួមគ្នា។

ទន្ទឹមនឹងការរំឭកពីសមិទ្ធផលនេះ ប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះភាពជោគជ័យ អធិបតេយ្យភាព និងវិបុលភាពរបស់ប្រទេសជាដៃគូក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចាត់ទុកថា តំបន់នេះមានសារៈសំខាន់ចំពោះផលប្រយោជន៍របស់អាមេរិក។ លោកក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសក្នុងតំបន់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះផងដែរ។

ប្រភព៖ The Star