កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដើម្បីលើកកម្ពស់សុវត្ថិភាពពលករ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ


(ម៉ាឡេស៊ី)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសមជាមួយឯកឧត្តម Datuk Haji Azman bin Mohd Yusof អគ្គលេខាធិការនៃក្រសួងធនធានមនុស្សម៉ាឡេស៊ី (KESUMA) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានមនុស្សម៉ាឡេស៊ី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ការគាំពារពលករទេសន្តរប្រវេសន៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ ភាគីទាំងពីរក៏បានលើកឡើងពីឱកាសផ្លាស់ប្ដូរបទពិសោធ និងជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មអាស៊ានឱ្យមានជំនាញ និងធ្វើការប្រកបដោយសុវត្ថិភាព។

គួរជម្រាបថា ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវ សុវណ្ណ វណ្ណារតន៍ ដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពីប្រព័ន្ធកត់ត្រា និងជូនដំណឹងអំពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ដែលត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕

ប្រភព៖ ក្រសួងការងារ