ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ»


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានេះ ដើម្បីឱ្យសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ អ្នកច្នៃម៉ូតសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកដែលប្រកបមុខរបរពាក់ព័ន្ធ និងប្រហាក់ ប្រហែល អាចចូលស្វែងយល់បន្ថែមអំពីវិស័យនេះ ក្នុងការលើកតម្កើង ថែរក្សា អភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរឱ្យបានទូលំទូលាយ។

ដោយឡែក សិក្ខាសាលាតម្រង់ទិសនេះ ក៏មានបំណងបញ្ជាបការយល់ដឹងអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តម និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ខ្មែរ ព្រមទាំងការប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ជាតិ។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ