ប៉ះទង្គិចគ្នាស្ទើរពេញប្រទេស! បាតុកម្មសិស្សនៅបារាំងរាលដាលខ្លាំង មនុស្សរាប់រយនាក់រងរបួស និងជិត ៥០០នាក់ត្រូវចាប់ខ្លួន


ប៉ារីស៖ ការធ្វើបាតុកម្មរបស់សិស្សបានរាលដាលខ្លាំងទៅនៅទូទាំងប្រទេសបារាំងចាប់ពីថ្ងៃទី៦ ខែតុលា ដោយមានសិស្សវិទ្យាល័យ គ្រូបង្រៀន និងមាតាបិតា ចូលរួមតវ៉ាតាមដងផ្លូវក្នុងទីក្រុងជាច្រើន ខណៈនាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បានចាត់ទុកថា វាជាការធ្វើបាតុកម្មរបស់សិស្សដែលមានអំពើហិង្សាខ្លាំងបំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

តាមក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ថាមនុស្សជាង ២៥០,០០០នាក់ បានចូលរួមក្នុងក្បួនតវ៉ានៅតាមទីក្រុងជាច្រើន។ នៅទីក្រុងប៉ារីស Strasbourg Rennes និង Toulouse ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកតវ៉ាមួយចំនួនដែលមានការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ។

លោក Lecornu បានឱ្យដឹងថា យ៉ាងហោចណាស់ក្មេងជំទង់ ២១៥នាក់ និងបុគ្គលិកសាលា ៨៥នាក់ បានរងរបួសក្នុងការប៉ះទង្គិចនេះ ខណៈមន្ត្រីប៉ូលិសជាង ៧០០នាក់ក៏បានរងរបួសផងដែរ។ ក្រសួងមហាផ្ទៃបានរាយការណ៍ថា មនុស្ស ៤៨៨នាក់ត្រូវបានចាប់ខ្លួន និងមន្ត្រីសន្តិសុខ ៤៨នាក់រងរបួស ក្នុងអំឡុងការតវ៉ាកាលពីថ្ងៃទី៦ ខែតុលា។

ការតវ៉ានេះ បានចាប់ផ្តើមតាំងពីខែកញ្ញា នៅតំបន់ជាយក្រុងប៉ារីស មុនពេលរាលដាលទៅទូទាំងប្រទេស។ សិស្សបានលើកឡើងពីបញ្ហាខ្វះបុគ្គលិក និងថវិកាសម្រាប់វិស័យអប់រំ ព្រមទាំងស្ថានភាពអគារសាលារៀនដែលចាស់ទ្រុឌទ្រោម និងបញ្ហាថែទាំជាមូលដ្ឋាន ដូចជាទឹកជ្រាប និងសត្វកណ្ដុរ។ ជាមួយគ្នានេះ សហភាពសិស្សវិទ្យាល័យបានឱ្យដឹងថា សាលាវិទ្យាល័យជាងពាក់កណ្តាលនៅទូទាំងប្រទេស ត្រូវបានបិទមិនដំណើរការក្នុងថ្ងៃតវ៉ា ហើយអាជ្ញាធរអប់រំមួយចំនួនបានព្យាយាមរៀបចំការសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ។

ទន្ទឹមនេះលោក Lecornu បានបញ្ជាឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធពិនិត្យ និងដោះស្រាយការទាមទារសំខាន់ៗរបស់សិស្ស រួមមានការធានាឱ្យមានគ្រូជំនួសនៅពេលគ្រូអវត្តមាន ពិនិត្យរយៈពេលសិក្សាប្រចាំថ្ងៃដែលបច្ចុប្បន្នមានចាប់ពីម៉ោង ៨ព្រឹកដល់ ៦ល្ងាច និងពិនិត្យលទ្ធភាពពង្រីកពេលសម្រាកទទួលទានអាហារ។ រដ្ឋាភិបាលក៏នឹងពិនិត្យតម្រូវការជួសជុលអគារសាលារៀនចាស់ៗផងដែរ ដោយរដ្ឋមន្ត្រីត្រូវដាក់សំណើដំបូងនៅត្រឹមចុងខែតុលា។

ប្រភព៖ Reuters