សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃនេះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ បានរំលេចអំពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនមួយនេះ ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែរនោះ។

សន្និសីទអន្តរជាតិនេះ មានប្រទេសជាង ២០ចូលរួមដូចជា សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូ ដែលវាគឺជាការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តច្បាប់មកពីបណ្តាប្រទេសនានាឱ្យមកអង្គុយជុំគ្នា ធ្វើការសិក្សា ពិភាក្សា និងលើកជាទស្សនៈរួម ក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែលកំពុងគម្រាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់កម្ពុជានៅមុនសន្និសីទនេះចាប់ផ្តើមថាការចូលរួមរបស់បណ្តាប្រទេស រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូផងនោះ នឹងក្លាយជាកម្លាំងរួមដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំង និងឈានទៅដល់ការបិទបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ព្រោះថាប្រទេសមួយតែម្នាក់ឯងមិនអាចធ្វើការងារនេះបានឡើយ ចាំបាច់ត្រូវរួមគ្នា គាំទ្រគ្នា ចែករំលែកបទពិសោធន៍ឱ្យគ្នា និងជួយបណ្តុះបណ្តាលគ្នា ដើម្បីការបំពេញការងារនេះឱ្យជោគជ័យ។