រុស្ស៊ីចេញមុខ សម្រួលភាពខ្វែងគំនិតរវាងអ៊ីរ៉ង់ និងអារ៉ាប់រួម ក្នុងកិច្ចប្រជុំកំពូល BRICS នៅឥណ្ឌា ខាងមុខនេះ!
ញូវដែលី៖ ប្រទេសរុស្ស៊ីបានបង្ហាញក្តីសង្ឃឹមថា សមាជិក BRICS នឹងអាចសម្របសម្រួលភាពខ្វែងគំនិតរវាង អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម (UAE) ជុំវិញស្ថានការណ៍នៅតំបន់អាស៊ីខាងលិច និងឈានទៅរកការឯកភាពគ្នាលើសេចក្តីប្រកាសរួម នៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងរៀបចំនៅប្រទេសឥណ្ឌា នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃទី៨ ខែកញ្ញា ថា ទីក្រុងមូស្គូត្រៀមខ្លួនជួយសម្របសម្រួល ដើម្បីឱ្យអ៊ីរ៉ង់ និង UAE ដែលជាមិត្តរបស់រុស្ស៊ី អាចធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពប្រក្រតីឡើងវិញ។
លោក Peskov បានទទួលស្គាល់ថា ភាពខ្វែងគំនិតរវាងប្រទេសទាំងពីរ បានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការរៀបចំឯកសារ និងសេចក្តីប្រកាសរួមរបស់ BRICS។ ទោះជាយ៉ាងណា លោកជឿជាក់ថា អ្នកការទូតរបស់រុស្ស៊ី និងឥណ្ឌា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នឹងអាចស្វែងរកពាក្យពេចន៍ដែលអាចទទួលយកបាន ដោយមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា រុស្ស៊ីគាំទ្រសន្តិសុខក្នុងតំបន់ ការកសាងទំនុកចិត្តទៅវិញទៅមក និងប្រឆាំងនឹងសកម្មភាពឈ្លានពានគ្រប់ប្រភេទនៅក្នុងតំបន់។
លោក Peskov បានឱ្យដឹងថា កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុង ៣វិស័យសំខាន់ៗ រួមមាន៖ នយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទំនាក់ទំនងវប្បធម៌ និងមនុស្សធម៌។ បញ្ហាសន្តិសុខផ្សេងៗ ក៏នឹងស្ថិតក្នុងរបៀបវារៈ រួមទាំងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀន និងភេរវកម្ម ក៏ដូចជាការពង្រឹងសន្តិសុខប្រព័ន្ធទំនាក់ទំនង និងបច្ចេកវិទ្យាខ្ពស់ផងដែរ។
ទោះជាយ៉ាងណា កិច្ចប្រជុំកំពូលនៅឥណ្ឌា ត្រូវបានរំពឹងថានឹងមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, ប្រធានាធិបតីចិន ស៊ី ជីនពីង, ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងមេដឹកនាំប្រទេសសមាជិកសំខាន់ៗផ្សេងទៀត។ ក្នុងនោះ កិច្ចប្រជុំជាមួយប្រទេសដៃគូ ក៏នឹងមានការចូលរួមពីមេដឹកនាំប្រទេសដូចជា បេឡារុស វៀតណាម ម៉ាឡេស៊ី ថៃ និងអ៊ូសបេគីស្ថានផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន BRICS មានសមាជិក ១១ប្រទេស បន្ទាប់ពីការពង្រីកនៅឆ្នាំ២០២៤ និងការចូលជាសមាជិករបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៥។ ក្រុមនេះតំណាងឱ្យប្រជាជនប្រមាណ ៤៩.៥% នៃប្រជាជនពិភពលោក, ប្រមាណ ៤០% នៃ GDP ពិភពលោក និងជិត ២៦% នៃពាណិជ្ជកម្មពិភពលោក។
ប្រភព៖ Hindustan Times















