កម្ពុជាឆ្លើយតបទៅថៃ ឱ្យឈប់ប្រើ «យុទ្ធសាស្ត្រ ឈ្លានពានបែបហាន់ចំណិតសាច់ក្រក»


ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ប្រធានព្រឹទ្ធសភាថៃ ដែលប្រតិកម្មចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានលើកឡើងនៅក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបការប្រតិកម្មរបស់ប្រធានព្រឹទ្ធសភាថៃ និងបានគូសបញ្ជាក់នូវចំណុចមួយចំនួនក្នុងរយៈពេលសង្គ្រាមថៃឈ្លានពានកម្ពុជា។ ក្នុងនោះព្រឹទ្ធសភាកម្ពុជា បានព្រមានអំពី «យុទ្ធសាស្ត្រ ឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ដែលសំដៅទៅលើគ្រោះថ្នាក់នៃ ការផ្លាស់ប្តូរស្ថានភាពនៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ ហើយក្រោយមកត្រូវបានយកមកប្រើជា មូលដ្ឋានសម្រាប់គាំទ្រការទាមទារទឹកដី។ នេះហើយជាល្បិចកលមិនអាចប្រកែកបានរបស់ប្រទេសថៃ ក្នុងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែងរបស់កម្ពុជា (fait accompli)។

ជាមួយគ្នានេះ កម្ពុជាមិនអាចទទួលយកការបកស្រាយណាមួយលើសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលប្រែក្លាយកិច្ចព្រមព្រៀងឈប់បាញ់ ទៅជាការទទួលស្គាល់អធិបតេយ្យលើដែនដី ឬជាការទទួលស្គាល់សិទ្ធិណាមួយដែលកើតចេញពីវត្តមាន ឬការគ្រប់គ្រងដោយយោធាលើដែនដី អធិបតេយ្យរបស់កម្ពុជា ឬលើតំបន់ដែលមានជម្លោះ ឬមិនទាន់បានខណ្ឌសីមា និងកំណត់ព្រំដែន ច្បាស់លាស់នោះឡើយ។ ព្រឹទ្ធសភាពន្តថា ឈប់បាញ់ មិនអាចត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបង្កើតសិទ្ធិថ្មីលើដែនដី ធ្វើឱ្យការកាន់ កាប់ដែនដីដោយខុសច្បាប់ក្លាយជាស្របច្បាប់ ឬពង្រឹងស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគី ឱ្យក្លាយជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ គឺត្រូវតែដោះស្រាយដោយអនុលោមតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងតាមច្បាប់អន្តរជាតិ ព្រមទាំងយន្តការដែលមានស្រាប់រវាងភាគីទាំងពីរ។

យោងទៅលើប្រតិកម្មរបស់ប្រធានព្រឹទ្ធសភាថៃ ក៏បានលើកឡើងផងដែរថា ជម្លោះនេះ «មិនគួរត្រូវបាន ធ្វើអន្តរជាតូបនីយកម្មឡើយ»។ ទន្ទឹមនោះ កម្ពុជាឆ្លើយតបថា កម្ពុជាគ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ដើម្បី បម្រើគោលបំណងនយោបាយណាមួយឡើយ។ ប្រសិនបើថៃពិតជាមានបំណងចង់បញ្ចៀសការ យកចិត្តទុកដាក់បន្ថែមទៀតពីសហគមន៍អន្តរជាតិចំពោះស្ថានការណ៍នេះ មធ្យោបាយដែលមាន ប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ ប៉ុន្តែគឺត្រូវដោះស្រាយមូលហេតុ និងស្ថានភាពជាក់ស្តែងដែលបានបង្កឱ្យមានការព្រួយបារម្ភទាំងនេះ ពោលគឺ៖ ដកកងកម្លាំងរបស់ ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី ឬបង្កើតជាស្ថានភាពលើដីជាក់ស្តែង និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាភៀសខ្លួនអាចវិលត្រឡប់ ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា នៅក្នុងបរិបទនេះ នីតិវិធីផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាក់លាក់ ដើម្បីជួយឱ្យរដ្ឋនានាបញ្ជាក់ឱ្យបានច្បាស់នូវជំហរ របស់ខ្លួន ទប់ស្កាត់ការកើនឡើងនៃភាពតានតឹង កាត់បន្ថយការយល់ច្រឡំ និងដោះស្រាយវិវាទ ដោយមានរបៀបរៀបរយ និងស្របតាមច្បាប់។ ដូច្នេះ យន្តការបែបនេះនឹងជួយពង្រឹងទំនុកចិត្ត តាមរយៈការលើកកម្ពស់តម្លាភាព គណនេយ្យភាព ភាពច្បាស់លាស់ផ្នែកច្បាប់ និងការអត់ធ្មត់។ ច្បាប់អន្តរជាតិនៅតែជាខែលការពារដ៏សំខាន់ប្រឆាំងនឹងការបង្ខិតបង្ខំ ភាពមិនច្បាស់លាស់ និង ការប្រើប្រាស់អំណាចដោយបំពាន។

បន្ថែមលើនេះ ការឆ្លើយតបរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងថា ការជឿទុកចិត្តគ្នា ការអត់ធ្មត់ ភាពស្មោះត្រង់ និងសុចរិតភាព គឺជាកត្តាចាំបាច់ សម្រាប់ទំនាក់ទំនងដោយសន្តិភាពរវាងប្រទេសជិតខាង។ ទោះជាយ៉ាងណា ការកសាងទំនុកចិត្ត ត្រូវតែមានទៅវិញទៅមក និងបង្ហាញឱ្យឃើញតាមរយៈទង្វើដែលមានសង្គតិភាព មិនមែនត្រឹមតែ ពាក្យសម្តីនោះទេ ហើយក៏មិនអាចរំពឹងឱ្យតែភាគីម្ខាងកសាងទំនុកចិត្តបានឡើយ ខណៈដែលនីតិវិធី ប្រកបដោយអព្យាក្រឹតភាពត្រូវបានរារាំង ត្រូវបានបកស្រាយតាមការជ្រើសរើសយកតែអ្វីដែល ផ្តល់ប្រយោជន៍ដល់ខ្លួន ឬត្រូវបានបោះបង់ចោលនោះទេ។

ប្រភព៖ ព្រឹទ្ធសភាកម្ពុជា