ការសែតកូរ៉េខាងជើងព្រមានថា ការពង្រីកកងកម្លាំងអាមេរិកនៅជប៉ុន កំពុងបង្កើនហានិភ័យនៃការផ្ទុះជម្លោះលើឧបទ្វីបកូរ៉េ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយរិះគន់ការពង្រីកទីបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន ដោយព្រមានថា ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កំពុងកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ហើយថា បញ្ហានាពេលនេះមិនមែនថា ជម្លោះនឹងផ្ទុះឡើងឬអត់នោះទេ ប៉ុន្តែអាស្រ័យលើពេលវេលាប៉ុណ្ណោះ។


ការបង្កើនកងកម្លាំងអាមេរិកប្រចាំនៅជប៉ុន បានធ្វើឱ្យទីបញ្ជាការកងកម្លាំងអាមេរិកក្លាយជា «ទីបញ្ជាការសង្គ្រាម» ពេញលេញ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន សម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមេបញ្ជាការកងកម្លាំងអាមេរិកប្រចាំជប៉ុន លោក Stephen Jost បានប្រាប់សារព័ត៌មានជប៉ុន Asahi ថា ចំនួនបុគ្គលិកនៅទីស្នាក់ការកណ្តាលនៃទីបញ្ជាការរបស់លោក បានកើនឡើង ២១៥នាក់ បើធៀបនឹងឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពបញ្ជាការ និងលើកកម្ពស់ការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
ដោយឡែក កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងជំរុញឱ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង ហើយថា កងកម្លាំងអាមេរិកប្រចាំជប៉ុន អាចនឹងក្លាយជាកម្លាំងដំបូងដែលត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបកូរ៉េ ប្រសិនបើមានជម្លោះផ្ទុះឡើង។
លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងអនុវត្តសកម្មភាពយោធាដែលបង្កហានិភ័យដល់សន្តិសុខក្នុងតំបន់ ហើយបានអះអាងថា នេះជាហេតុផលដែលកូរ៉េខាងជើងត្រូវបន្តអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ និងបញ្ចៀសការផ្ទុះសង្គ្រាម។
ប្រភព៖ Reuters











