ក្រសួងការបរទេស៖ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងមក មិនមានការបង្ហាញណាមួយបញ្ជាក់ថា ថៃបានអនុវត្តបទឈប់បាញ់នោះទេ!
នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជា ពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។




ទន្ទឹមនឹងនោះ លោកជំទាវ អ៊ាត សោភា បានរំលឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាព គ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេស ទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។
ដោយឡែក ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបាន ឯកភាពគ្នា។
ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបង្ហាញណាមួយបញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ។
លោកជំទាវ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការគាំទ្រ ដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។
ជាងនេះទៅទៀត លោកជំទាវ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
ប្រភព៖ ក្រសួងការបរទេស













