ក្រសួងអប់រំ ត្រៀមអនុវត្តគំរូអធិការកិច្ចសាលារៀនបែបថ្មី ចាប់ផ្តើមពីរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំដាក់ឱ្យអនុវត្ត «គំរូអធិការកិច្ចសាលារៀនបែបថ្មី» ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពអប់រំ ដោយនឹងចាប់ផ្តើមអនុវត្តពីសាលារៀនក្នុងរាជធានីភ្នំពេញ មុនពង្រីកទៅកាន់ទូទាំងប្រទេស។
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។



កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពង្រឹងយន្តការអធិការកិច្ចសាលារៀន ដើម្បីបង្កើតប្រព័ន្ធអធិការកិច្ចដែលមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់គុណភាពអប់រំជាលក្ខណៈប្រព័ន្ធ។ ក្នុងដំណាក់កាលដំបូង ក្រសួងនឹងដាក់ចេញវិធានការពង្រឹងគុណភាពសាលារៀននៅរាជធានីភ្នំពេញ ព្រមទាំងអនុវត្តគំរូអធិការកិច្ចបែបថ្មី ដោយផ្សារភ្ជាប់បទពិសោធន៍ល្អពីគម្រោងនានាទៅក្នុងក្របខ័ណ្ឌសាលារៀនទូទៅ។
តាមរយៈការពិភាក្សា ក្រសួងបានគូសបញ្ជាក់ថា គំរូអធិការកិច្ចសាលារៀនបែបថ្មី នឹងក្លាយជាយន្តការសំខាន់ក្នុងការគាំទ្រកំណែទម្រង់សាលារៀន កែលម្អស្តង់ដាសាលារៀន ពង្រឹងវិជ្ជាជីវៈអធិការ លើកកម្ពស់ការបង្រៀន និងការរៀន ការគ្រប់គ្រងសាលារៀន ព្រមទាំងធានាការកែលម្អគុណភាពសិក្សារបស់សិស្សប្រកបដោយនិរន្តរភាព។
ក្រសួងក៏បានលើកឡើងថា បទពិសោធន៍អន្តរជាតិបង្ហាញថា ប្រព័ន្ធអធិការកិច្ចដែលមានប្រសិទ្ធភាព គឺជាប្រព័ន្ធផ្អែកលើភស្តុតាង មានលក្ខណៈអភិវឌ្ឍន៍ និងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការកែលម្អសាលារៀន និងកំណែទម្រង់ប្រព័ន្ធអប់រំ។
តាមគំរូថ្មីនេះ សាលារៀនដែលបំពេញបានតាមស្តង់ដា នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព និងត្រូវចុះអធិការកិច្ចឡើងវិញក្រោយរយៈពេល៥ឆ្នាំ ខណៈសាលារៀនដែលទទួលបានពិន្ទុល្អ ឬមានការកែលម្អផ្អែកលើលទ្ធផលអនុវត្ត (Performance-Based) នឹងទទួលបានថវិកាដំណើរការសាលារៀនបន្ថែម។ ចំពោះសាលារៀនដែលមានពិន្ទុក្រោមស្តង់ដា ក្រសួងនឹងដាក់ចេញវិធានការកែលម្អសមស្រប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំឱ្យក្រុមការងារជំនាញ រៀបចំផែនការចុះអធិការកិច្ចតាមកាលកំណត់ និងតាមប្រធានបទ ដាក់ចំណាត់ថ្នាក់សាលារៀនដោយការវាយតម្លៃពិន្ទុចាប់ផ្តើមពីរាជធានីភ្នំពេញ តម្រូវឱ្យគ្រប់សាលារៀនមានរបាយការណ៍ស្វ័យវាយតម្លៃ បង្កើតវេបសាយ (Web Portal) សម្រាប់ផ្សព្វផ្សាយលទ្ធផលអធិការកិច្ចជាសាធារណៈ និងរៀបចំប្រព័ន្ធធានាគុណភាពអប់រំ ដើម្បីជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យបន្តផ្សព្វផ្សាយវឌ្ឍនភាព និងលទ្ធផលនៃកំណែទម្រង់សាលារៀនឱ្យកាន់តែទូលំទូលាយ ដើម្បីលើកទឹកចិត្តសាលារៀនដែលអនុវត្តបានល្អ និងជំរុញឱ្យសាលារៀនទាំងអស់បន្តកែលម្អគុណភាពអប់រំជាបន្តបន្ទាប់៕
ប្រភព៖ MoEYS















