|

UNICEF៖ កុមារ​ប៉ាឡេស្ទីន ៧០នាក់ស្លាប់ និងជាង ៨០០នាក់រងរបួស ក្រោមអំពើហឹង្សា របស់កងកម្លាំងអ៊ីស្រាអែល នៅ West Bank និង East Jerusale!


អង្គការ UNICEF បានឱ្យដឹងកាលពីថ្ងៃអង្គារថា កុមារចំនួន ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលស្ថិតក្រោមការកាន់កាប់ ដោយមិនរាប់បញ្ចូលតំបន់ Gaza Strip ចាប់តាំងពីដើមឆ្នាំ២០២៥មកម្លេះ ខណៈកុមារជាង ៨០០នាក់ផ្សេងទៀតបានរងរបួស។

អង្គការនេះបានបញ្ជាក់ថា ករណីភាគច្រើននៅតំបន់ West Bank និង East Jerusalem កើតឡើងដោយសារការវាយប្រហារដោយគ្រាប់រំសេវ ខណៈអ្នករងគ្រោះមួយចំនួនផ្សេងទៀតត្រូវបានចាក់ វាយដំ ឬរងការបាញ់ម្រេច។

លោក James Elder អ្នកនាំពាក្យរបស់ UNICEF បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Geneva បន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់តំបន់ West Bank កាលពីសប្តាហ៍មុនថា៖ «ទាំងនេះមិនមែនជាឧប្បត្តិហេតុទេ វាបង្ហាញពីការរំលោភបំពានធ្ងន់ធ្ងរបំផុតលើកុមារ»។

លោកបានបន្ថែមថា កុមារប្រមាណ ៩៣ ភាគរយ ដែលបានបាត់បង់ជីវិតចាប់តាំងពីខែមករា ឆ្នាំ២០២៥ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ ចំណែកករណីផ្សេងទៀត ពាក់ព័ន្ធនឹងការវាយប្រហារដោយអ្នកតាំងទីលំនៅ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការវាយប្រហារដោយចៃដន្យពីកងកម្លាំងប៉ាឡេស្ទីន។ រហូតមកដល់ពេលនេះ យោធាអ៊ីស្រាអែលមិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះនៅឡើយទេ។

ដោយឡែក អង្គការសហប្រជាជាតិ និងប្រទេសភាគច្រើននៅលើពិភពលោក ចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលត្រូវបានដណ្តើមយកក្នុងសង្គ្រាមឆ្នាំ១៩៦៧ ថាជាការរំលោភច្បាប់អន្តរជាតិ ខណៈអ៊ីស្រាអែលបានបដិសេធទស្សនៈនេះ។

ប្រភព៖ Reuters