|

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើឱ្យ The Wall Street Journal លុបពាក្យ “Scambodia” និងកែតម្រូវខ្លឹមសារដែលបំភ្លៃការពិតលើប្រទេសកម្ពុជា


គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានផ្ញើលិខិតតវ៉ាជាផ្លូវការទៅកាន់ការិយាល័យនិពន្ធនៃសារព័ត៌មានអន្តរជាតិ The Wall Street Journal បន្ទាប់ពីស្ថាប័ននេះបានប្រើប្រាស់ពាក្យ “Scambodia” នៅក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ គ.ស.ម.ក. បានលើកឡើងថា ការប្រើប្រាស់ពាក្យពេចន៍ក្នុងរូបភាពលាបពណ៌ និងបំភ្លៃការពិតបែបនេះ គឺជាការបង្ហាញពីកង្វះក្រមសីលធម៌សារព័ត៌មាន ដែលនាំឱ្យមានការយល់ច្រឡំ និងការរើសអើងជាសកលមកលើកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ គណៈកម្មាធិការបានសង្កត់ធ្ងន់ថា សកម្មភាពនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ប្រជាជនកម្ពុជាជិត ១៨ លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ក្នុងលិខិតតវ៉ានោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ចេញនូវតម្រូវការសំខាន់ៗចំនួន ៥ ចំណុចទៅកាន់ The Wall Street Journal រួមមាន៖

  • លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់
  • ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព
  • ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត
  • ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង
  • កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕

ទោះបីជាទទួលស្គាល់នូវសារៈសំខាន់នៃសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានក៏ដោយ ក៏ គ.ស.ម.ក. បានរំលឹកថា សេរីភាពទាំងនេះត្រូវតែដើរទន្ទឹមនឹងការទទួលខុសត្រូវ និងការគោរពសិទ្ធិបុគ្គល។ ការប្រើប្រាស់ចំណងជើងដើម្បីទាក់ទាញការចាប់អារម្មណ៍ មិនគួរក្លាយជាឧបករណ៍សម្រាប់បំផ្លាញកិត្តិយសរបស់ប្រទេសជាតិណាមួយឡើយ។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបជាផ្លូវការណាមួយពីសំណាក់សារព័ត៌មាន The Wall Street Journal នៅឡើយទេ។ ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកជំនាញផ្នែកព័ត៌មានក្នុងស្រុក ដែលកំពុងតាមដានមើលពីវិធានការបន្តរបស់ស្ថាប័នសារព័ត៌មានអាមេរិកមួយនេះ ក្នុងការឆ្លើយតបទៅនឹងការតវ៉ារបស់ភាគីកម្ពុជា៕