រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការផ្លូវថ្មើជើង(Walk street)តាមបណ្តោយមាត់ទន្លេ នៅចុងខែមករា២០២៥ខាងមុខ
រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀតដើម្បីពិនិត្យវឌ្ឍន ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រៈបរមរាជវាំងក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងប្រៃសណីយ៏,អគ្គិសនីយ៏កម្ពុជានារសៀលថ្ងៃទី២៥ធ្នូ២០២៤នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថាផ្លូវថ្មើជើងនេះយើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឱ្យខិតខំអនុវត្តឱ្យសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បំរើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតាំងពីឆ្នាំ២០១៩មកម៉្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

ឯកឧត្តមអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវ ថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលបានឱ្យដឹងថា៖មានអង្គភាពពាក់ពន្ធ័មួយចំនួនលើការរៀបចំផ្លូវថ្មើរជើងនេះដូចជា ខាងប្រៃសណីយ៍,អគ្គិសនីយ៏កម្ពុជា,ក្រសួងទេសចរណ៏និងរដ្ឋបាលរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ អោយបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៏នៃផ្លូវថ្មើរជើងនេះដែលចែកចេញជា៣តំបន់ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម។ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការបានសិក្សាលំអិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ,តទឹក ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី ការហាមមិនឱ្យរថយន្តចេញចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់រូមទាំងការរៀបចំចំណតជាដើម៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ