|

ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាស្ថិតនៅកាលៈទេសៈណា និម្មិតសញ្ញា (ឡូហ្គូ) ស.ស.យ.ក. គឺតែងតែនៅជាមួយប្រជាជនជានិច្ច


នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយសម្របសម្រួលការវិលត្រឡប់របស់ប្រជាពលករមកប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសុភមង្គលនៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការលះបង់របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មមិនខ្លាចនឿយហត់ដើម្បីបំពេញការងារដ៏សំខាន់នេះ ដែលជាការឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ តាមរយៈអ្វីដែលជាសកម្មភាពរបស់ ស.ស.យ.ក. រយៈពេល ១៣ ឆ្នាំកន្លងមកនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា មិនថាស្ថិតនៅកាលៈទេសៈណា និម្មិតសញ្ញា (ឡូហ្គូ) ស.ស.យ.ក. គឺតែងតែនៅជាមួយប្រជាជនជានិច្ច។

ឯកឧត្តមក៏បានបង្ហាញពីមោទនភាព ដែលថ្មីៗនេះ ស.ស.យ.ក. ទទួលបានពានរង្វាន់អាស៊ានឆ្នាំ២០២៥ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលមួយនេះ មិនមែនសម្រាប់តែអង្គភាពនោះទេ ប៉ុន្តែជាពានរង្វាន់របស់សមាជិក សមាជិកាគ្រប់រូប ដែលតំណាងឱ្យយុវជនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌអាស៊ាន៕