កម្ពុជា ប្រកាសនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធថា «អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់»
តាមការចាត់តាំងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កាន់ ផារិទ្ធរដ្ឋលេខាធិការ និងគណប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting) ក្រោមមូលបទ “ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់ ១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM រួមមាន ការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី។
ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំថា កម្ពុជាជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់ ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ។
ប្រភព៖ ក្រសួងការបរទេស


















