ពាក្យឥស្លាម មូស្លីម និងចាមដូចគ្នាឬយ៉ាងណា?

ដោយ៖ សន ស្រីពេជ្រ

ជាទូទៅប្រជាជនមួយចំនួនតូច តែងតែមានការភ័ន្តច្រឡំរវាងពាក្យ ឥស្លាម មូស្លីម និងចាម ថាពាក្យទាំង៣នេះគឺដូចគ្នា ចំណែកមានអ្នកខ្លះយល់ឃើញថា ពាក្យទាំង៣នេះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ថ្ងៃនេះយើងនឹងស្រាយចម្ងល់លោកអ្នក តាមរយៈការបកស្រាយនូវអត្ថន័យនៃពាក្យទាំង៣នេះ ពីសំណាក់យុវនិស្សិតពីរនាក់ ដែលលោកជាយុវជនមូស្លីម (សាសនិកឥស្លាម) ផ្ទាល់តែម្ដង ចង់ដឹងថាតើពាក្យទាំង៣នេះមានទំនាក់ទំនង ​ឬលក្ខណៈខុសគ្នា ឬដូចគ្នាយ៉ាងណា?

លោក ណុះ ណាវី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតកំពុងតែសរសេរសារណាមួយរូបផងដែរ។ លោកបានបកស្រាយថា៖  

«ឥស្លាម ជាសាសនាដែលមិនមែនទើបតែចាប់បដិសន្ធិនោះឡើយ។ តួយ៉ាងសាសនានេះមានប្រវត្តិចាប់តាំងពី ដើមកំណើតនៃមនុស្សលោកនៅលើផែនដីមកម៉្លេះ ហើយមានប្រជាជនជាង៥០ភាគរយ នៅលើពិភពលោកយកឥស្លាមធ្វើជាសាសនា និងប្រតិបត្តិសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាពិសេសឥស្លាមជាសាសនាដែលនាំឱ្យសុខសន្តិភាពទាំងលោកិយ និងបរមលោក ដែលពាក្យនេះជាភាសាអារ៉ាប់មានន័យថាការព្រមទទួលយក និងមានប្រភពចេញពីពាក្យមួយដែលមានន័យថា សន្តិភាព។»

លោក ណុះ ណាវី

ចំណែកឯពាក្យថា “មូស្លីម” និស្សិតខាងលើបញ្ជាក់ថា «ជាពាក្យមួយសំដៅទៅលើ មនុស្សលោកដែលកាន់សាសនាឥស្លាម និងមកពីជាតិសាសន៍ សញ្ជាតិ និងវប្បធម៌ផ្សេងៗគ្នានៅទូទាំងពិភពលោក ដែលរួបរួមគ្នាជឿលើសាសនាឥស្លាមដែលគេហៅថា មូស្លីម។ បន្ថែមពីនេះសម្រាប់សហគមន៍អ្នកកាន់សាសនាឥស្លាមធំជាងគេនៅលើពិភពលោក មិនមែនស្ថិតនៅក្នុងពិភពអារ៉ាប់នោះទេ គឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងផ្នែកសំខាន់ៗនៃអាស៊ី។ ចំពោះអ្នកកាន់សាសនាឥស្លាមជឿលើអល់ឡោះជាម្ចាស់តែមួយគត់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុតរកអ្វីប្រៀបផ្ទឹមមិនបានឡើយ។ ជាងនេះទៅទៀតគេ ជឿលើពពួកទេវតាដែលទ្រង់បានបង្កើត ជឿលើព្យាការីរបស់ទ្រង់ដែលជាអ្នកផ្សព្វផ្សាយបន្ទូលរបស់ទ្រង់ដល់មនុស្សលោក។»

«ដោយឡែកចំពោះពាក្យថា “ចាម” ម្ដងវិញ ជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និងថៃ។ បន្ថែមពីនេះ ជនជាតិចាមនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម និងជាកូនចៅជំនាន់ក្រោយ នៃព្រះរាជាណាចក្រចម្ប៉ា។ ក្រៅពីនេះ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ម៉្យាងទៀត ជនជាតិចាមស្ថិតក្នុងអំបូរអូស្រ្តូនេស៊ាន។ តួយ៉ាងភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអម្បូរភាសាអូស្ត្រូនេស៊ី។ លោកថែមទាំងបានបញ្ជាក់ផងដែរថា៖  រាល់អ្នកកាន់សាសនាឥស្លាម មិនមែនជាជនជាតិចាមទាំងអស់នោះទេ។ ឧទាហរណ៍៖ ជនជាតិ  ប៉ាគីស្ថាន  ឥណ្ឌូនេស៊ី  អារ៉ាប់ប៊ីសាអូឌីត អ៊ីរ៉ាក់ និងផ្សេងៗទៀត ដែលកាន់សាសនាឥស្លាម ពួកគេមិនមែនជាជនជាតិចាមនោះទេ។»

ស្រដៀងគ្នានេះដែរចំពោះលោក ឈ្មោះ ហ៊ីម ម៉ើសៀត ជានិស្សិតទេសចរណ៍ឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្នលោកជាអ្នកបកប្រែ និងថតវីដេអូអំពីសាសនាឥស្លាមផងដែរ។ លោកបានធ្វើការបកស្រាយចំពោះអត្ថន័យនៃពាក្យទាំង៣ដូចតទៅ៖ 

«ឥស្លាម ជាភាសាអារ៉ាប់កំលាយចេញពីពាក្យថា “សាឡាម” ប្រែថាសន្ដិភាព ដូច្នេះសាសនាឥស្លាមបានន័យថាជាសាសនាសន្ដិភាព។ ជាពិសេស “អល់ឡោះ” ជាភាសាអារ៉ាប់ប្រែថា ព្រះតែមួយគត់ គឺបានន័យថា អ្នកដែលកាន់សាសនាឥស្លាមជឿ និងគោរពសក្ការៈទៅលើព្រះតែមួយគត់ ព្រះដែលបង្កើតរាល់ជីវិតនៅក្នុងចក្រវាឡទាំងមូលទាំងភាវៈមើលឃើញនិងមើលមិនឃើញ។»

លោក ហ៊ីម ម៉ើសៀត

«ដោយឡែកចំពោះពាក្យថា “មូស្លីម” សម្ដៅទៅដល់ឥស្លាមសាសនិក ឬក្រុមមនុស្សដែលមានជំនឿទៅលើឯកទេពនិយម និងប្រតិបត្តិទៅតាមច្បាប់ដែលបានកំណត់នៅក្នុងសាសនាឥស្លាម។»

«ចំណែកឯពាក្យថា “ចាម”  វិញជាឈ្មោះជនជាតិមួយដែលមានកំណើតក្នុងទឹកដីប្រទេសចម្ប៉ា(សព្វថ្ងៃជាប្រទេសវៀតណាម)។ ជនជាតិចាមមិនមែនសុទ្ធតែជាអ្នកកាន់សាសនាឥស្លាមឡើយ។ លោកបានសង្កត់ធ្ងន់ផដែរថា ៖ ចាមមិនខុសពីជនជាតិខ្មែរនិងជនជាតិផ្សេងៗក្នុងប្រទេសដទៃទៀត ជនជាតិចាមអាចកាន់សាសនាខុសៗគ្នាទៅតាមជំនឿរៀងៗខ្លួន ដូចជាសាសនាព្រាហ្មណ៍ ព្រះពុទ្ធ ឥស្លាម ឬក៏គ្រិស្ដសាសនាផងដែរ។»

ដូច្នេះក្នុងនាមជាប្រជាជន ក៏ដូចជាអ្នកសិក្សា រៀនសូត្រគួរតែសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅទៅលើពាក្យទាំង៣ខាងលើដើម្បីចៀសវាងក្នុងការប្រើប្រាស់ខុសក្នុងប្រការណាមួយ។  យើងខ្ញុំសង្ឃឹមថាការបកស្រាយយ៉ាងក្បោះក្បាយខាងលើនេះ អាចជាគុណប្រយោជន៍មួយចំណែកដល់លោកអ្នកអាន និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋមួយចំនួនតូច ដែលមានការច្រឡំអត្ថន័យ និងការប្រើប្រាស់៕

កែសម្រួលដោយ៖ BRANDMEDIA

  •  
  •  
  •  
  •