រដ្ឋមន្ត្រីក្រសួងអប់រំ ចែករំលែកពីសមិទ្ធផល១០ឆ្នាំ នៃកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងវិស័យអប់រំកម្ពុជា ទៅកាន់នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងប្រទេសសិង្ហបុរី (NIE/NTU)
ក្នុងអំឡុងពេលនៃទស្សនកិច្ចក្នុងកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានជាតិអប់រំនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University)។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សាស្រ្តាចារ្យរង Chow Jia Yi ព្រឹទ្ធបុរស នៃវិទ្យាស្ថានជាតិអប់រំ លោកបណ្ឌិត Alexius Chia ព្រឹទ្ធបុរសរង នៃវិទ្យាស្ថានជាតិអប់រំ សាស្ត្រាចារ្យរង Low Kin Yew អនុប្រធានផ្នែកកម្មវិធី នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង និងក្រុមការងារ។ ក្នុងឱកាសនេះដែរ តំណាងសាកលវិទ្យាល័យបានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅ និងកម្មវិធីនានារបស់វិទ្យាស្ថានជាតិអប់រំ (NIE) និងNIE International (NIEI) ដែលជាផ្នែកមួយរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) និងការអប់រំថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU)។
នៅក្នុងបទបង្ហាញនេះដែរ តំណាងសាកលវិទ្យាល័យបានលើកឡើងពីម៉ូឌែល Teacher Education for the 21st Century (TE21): Empowering Teachers for the Future របស់វិទ្យាស្ថានជាតិអប់រំ ដោយផ្អែកលើចំណុចរង្វាស់សមត្ថភាពចំនួន ៣ (V3SK) គឺគុណតម្លៃ (ការប្តេជ្ញាចិត្តចំពោះអ្នកសិក្សា ការប្តេជ្ញាចិត្តចំពោះវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តចំពោះសហគមន៍) ជំនាញ និងចំណេះដឹង ដែលស្របគ្នាទៅនឹងគុណតម្លៃវិជ្ជាជីវៈចំនួន ៣ រួមមានការអនុវត្តវិជ្ជាជីវៈ ការរីកចម្រើននិងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំនិងភាពជាម្ចាស់ការ។ ម៉ូឌែលនេះត្រូវបានរៀបចំឡើងក្រោមគោលបំណងបណ្តុះបណ្តាលគរុសិស្ស ក្នុងការត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលអនាគត។


បន្ថែមពីនេះ លោកសាស្ត្រាចារ្យ ព្រឹទ្ធបុរស ក៏បានគូសរំលេចពីតួនាទីរបស់វិទ្យាស្ថានជាតិអប់រំ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងសាលារៀនក្រោមភាពជាដៃគូ Tri-Partite តែមួយគត់ដើម្បីធានាឱ្យមានការតម្រឹមរវាងគោលនយោបាយអប់រំ ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តកម្រិតសាលារៀន ដែលអនុញ្ញាតឱ្យមានការអនុម័តគោលនយោបាយ និងការអនុវត្តថ្មីៗទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព,ការអនុវត្តកម្មវិធីត្រៀមគ្រូដំបូង (Initial Teacher Preparation Programmes – ITP), ការរៀបចំទស្សនវិជ្ជា និងក្របខ័ណ្ឌនៃការអភិវឌ្ឍគ្រូ និង Holistic Development of Educators។



ពាក់ព័ន្ធនឹងការបណ្ដុះបណ្តាលគ្រូនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីសមិទ្ធផល១០ឆ្នាំ នៃកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងវិស័យអប់រំកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទល់បច្ចុប្បន្ននេះ ដោយរំលេចថា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានកំណត់យកកំណែទម្រង់គ្រូបង្រៀន ជាអាទិភាពមួយរបស់ក្រសួងដោយផ្តោតសំខាន់ទៅលើ ការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈ គ្រូបង្រៀននៅកម្ពុជា, ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន, ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន និងការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងរៀនសំដៅ ឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ MoEYS