|

ឯកឧត្តម នួន ផារ័ត្ន៖ ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ


ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១៥៥០ ម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រចាប់ អាចារ្យលាក់ ទៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់គម្រោងមូលនិធិសង្កាត់អាចារ្យលាក់ ក្នុងឆ្នាំ២០២៥។ ឯកឧត្តម បានបន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមនឹងជួយបមពាក់អំពូលសូឡា និងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ ដើរហាត់ប្រាណ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បាន បញ្ជាក់អំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។

ជាងនេះទៅទៀត ឯកឧត្តម ក៏បានលើកឡើងអំពីដីវាលក្រោម ដោយបានបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ ដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ