អង្គភាពយោធភូមិភាគទី៥ បំភ្លឺជុំវិញការចុះផ្សាយរបស់អតីតយោធិន មី ដារ៉ា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ
កងទ័ពជើងគោក អង្គភាពយោធភូមិភាគទី៥ បានឲ្យដឹងថា ពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mey Dara បានបង្ហោះវីដេអូផ្សាយផ្ទាល់ និងធ្វើការបកស្រាយលើបណ្តាញព័ត៌មានមួយចំនួន ដូចជា Cambodia Daily និងបណ្តាញប្រឆាំងផ្សេងៗ ដែលមានមាតិកាបំផ្លើសការពិត វាយប្រហារលើរាជរដ្ឋាភិបាល និងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងឥទ្ធិពលរបស់កងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ។
អង្គភាពយោធភូមិភាគទី៥ បានបញ្ជាក់ថា បុគ្គលឈ្មោះ មី ដារ៉ា ពិតជាធ្លាប់បម្រើកងទ័ពនៅអង្គភាពយោធភូមិភាគទី៥ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៣ ជាវរសេនីយ៍ នាយរងការិយាល័យអភិវឌ្ឍន៍។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលបម្រើការងារ គាត់បានប្រព្រឹត្តបទល្មើស និងបំពានវិន័យជាច្រើនដង ហើយត្រូវបានអនុវត្តវិធានការអប់រំ និងព្រមានជាច្រើនលើកពីថ្នាក់ដឹកនាំ។
ករណីសំខាន់ៗមានដូចជា៖
ថ្ងៃទី២២ វិច្ឆិកា ២០១៥៖ មី ដារ៉ា បានឆបោកប្រាក់ជនរងគ្រោះឈ្មោះ សិន វិឆ័យប៉ូរ៉ា ចំនួន ៧,០០០ ដុល្លារ ដោយសន្យានាំចូលក្របខ័ណ្ឌបម្រើកងទ័ព ប៉ុន្តែមិនបានគោរពតាមសន្យា។ ថ្ងៃទី៥ សីហា ២០២០៖ បន្ទាប់ពីទទួលពាក្យបណ្តឹង អង្គភាពបានបញ្ជាឲ្យមី ដារ៉ា សងប្រាក់ទៅជនរងគ្រោះវិញ និងចុះកិច្ចសន្យាជាលើកចុងក្រោយ។
_ថ្ងៃទី១២ វិច្ឆិកា ២០២១៖ មី ដារ៉ា ស្នើសុំទៅរៀនវគ្គបណ្តុះបណ្តាលសេនាធិការ ជំនាន់ទី១៣ នៅវិទ្យាស្ថានបច្ចេកទេសយោធា ហ៊ុន សែន ព្រៃផ្តៅ ហើយបានផ្ទេរគ្រប់គ្រងពីអង្គភាពយោធភូមិភាគទី៥ ទៅវិទ្យាស្ថាន។ ក្រោយមកគាត់បានលួចទាក់ទងក្រុមប្រឆាំងនៅប្រទេសអូស្ត្រាលី ដើម្បីស្នើសុំរស់នៅបរទេសក្រោមការអះអាងថារងការកេងប្រវ័ញ្ចនយោបាយ។
បន្ទាប់ពីទាត់ចោលអង្គភាព និងធ្វើដំណើរទៅអូស្ត្រាលីនៅខែវិច្ឆិកា ឆ្នាំ២០២៣ មី ដារ៉ា បានបន្តវាយប្រហារលើរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងកងយោធពលខេមរភូមិន្ទ ដើម្បីរកអត្ថប្រយោជន៍ផ្លូវនយោបាយ និងបន្តសិទ្ធរស់នៅបរទេសក្រោមការរៀបចំរបស់ក្រុមខ្មែរប្រឆាំង។
លើសពីនេះ មី ដារ៉ា ក៏ត្រូវបានគេស្គាល់ថាបានឆបោកប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបងផងដែរ។
យ៉ាងណាមិញ អង្គភាពក៏បានបញ្ជាក់ទៅដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងមិនឲ្យជឿទុកចិត្តលើមាតិកាដែលប៉ះពាល់ដល់កិត្តិយសកងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន













