|

ឯកឧត្ដម ឃួង ស្រេង៖ រាជរដ្ឋាភិបាល មិនទុកឱ្យមនុស្សចាស់រស់នៅក្នុងភាពឯកកោឡើយ


ភ្នំពេញ៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ។ បើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ថមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ក្នុងពិធីសំណេះសំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយដែរ។

ឯកឧត្ដម​ក៏បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមនុស្សចាស់ ជាមួយនឹងការគៀងគរសប្បុរសជនរកចំណូល ជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយពួកគាត់ភ្លាម ពោលគឺមិនត្រូវទុកឱ្យពួកគាត់ទទួលនូវភាពឯកកោឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានសូមឱ្យលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។

យ៉ាងណាមិញអំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ​ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម​ ភួយមួយ​ ក្រមាមួយ ត្រីខ ០១យូរ មី ០១កេសតូច​ ទឹកបរិសុទ្ធ០១កេស​ និងថវិកា ចំនួន៥០.០០០រៀល។

ប្រភព៖ ក្រសួងមហាផ្ទៃ